Connect with us

ព័ត៌មានអន្ដរជាតិ

​ទី​វា​សេរីភាពសារព័ត៌មាន៖ អឺរ៉ុប​​​អំពាវ​នាវ​ឱ្យ​ស៊ើប​អង្កេត ​លើការ​សម្លាប់​អ្នក​កាសែត​​នៅ​តំបន់​ជម្លោះ​​

បានផុស

នៅ

ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាន​អំពាវ​នាវ​នៅ​ថ្ងៃអាទិត្យ ឱ្យមានការស៊ើបអង្កេតពេញ​លេញមួយ​លើ​ការ​សម្លាប់អ្នកកាសែតនៅក្នុងតំបន់​ជម្លោះ រួមមាន​ នៅ​ប្រទេស​អ៊ុយក្រែន តំបន់ហ្គាហ្សា ប្រទេសលីបង់ និងផ្នែកខ្លះនៃទ្វីប​អាហ្វ្រិក​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៦ លោកស្រី Kallas បាន​លើក​ឡើងក្នុង​សេចក្តីថ្លែងការណ៍​មួយក្នុង​នាម​សហភាពអឺរ៉ុប សម្រាប់​ទិវាសេរីភាពសារព័ត៌​មានពិភព​លោកលើក​ទី​៣៣ ឆ្នាំ​២០២៦ ថា៖ « ឆ្នាំ២០២៥ គឺជា​ឆ្នាំដ៏សាហាវ​បំផុតសម្រាប់អ្នកកាសែត​ទូទាំង​ពិភពលោក ​ហើយ​ការសម្លាប់ ការធ្វើឱ្យ​របួស ឬការគំរាមកំហែងពួកគេ​ក្លាយ​ជា​ការ​ពិត​ដ៏គួរឱ្យរន្ធត់មួយ»។

ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាពអឺរ៉ុប លោកស្រី Kaja Kallas. រូបភាព៖ Reuters.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ បញ្ជាក់​ថា៖ «ការសម្លាប់​អ្នក​កាសែត និងអ្នក​ជំនាញ​ប្រព័ន្ធផ្សព្វផ្សាយ ដូចយើង​បាន​ឃើញ​នៅក្នុងសង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងនៅ​ក្នុងជម្លោះបច្ចុប្បន្ន​នៅមជ្ឈិម​បូព៌ា ថ្មីៗ​នេះនៅតំបន់ហ្គាហ្សា និងនៅលីបង់ ក៏ដូចជានៅ​អាហ្វ្រិក គួរតែត្រូវ​បាន​ស៊ើបអង្កេតយ៉ាងពេញលេញ ហើយអ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​​ត្រូវ​តែ​ទទួលខុសត្រូវ»។

លោកស្រី Kallas ក៏បាន​សង្កត់ធ្ងន់​លើតម្រូវការ​សម្រាប់សារព័ត៌មាន​សេរី ដោយ​គូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​គឺជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គមប្រជាធិបតេយ្យ​​។

លោកស្រីបន្ថែម​ថា៖ « ច្បាប់អន្តរជាតិ​គឺច្បាស់លាស់! អ្នកសារ​ព័ត៌មាន​ត្រូវតែទទួលបាន​ការការពារគ្រប់​ពេល​វេលា។ ពួកគេត្រូវតែ​អាចអនុវត្ត​ការងាររបស់​ពួកគេដោយសេរី ដោយគ្មានការជ្រៀតជ្រែក​ហួសហេតុ ការភ័យ​ខ្លាចនៃអំពើហិង្សា ការយាយី ការបំភិតបំភ័យ ការ​ធ្វើទុក្ខបុកម្នេញ ឬការបណ្តេញចេញ​ណាមួយ​ឡើយ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម