Connect with us

ព័ត៌មានជាតិ

រយៈពេល ១០ ខែ ដើមឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជា កើនឡើងជាង ៤ ម៉ឺនសហគ្រាស

បានផុស

នៅ

ក្នុង​រយៈពេល ១០​ ខែ​ ដើមឆ្នាំ​ ២០២៥ សហគ្រាស​នៅ​កម្ពុជា​ កើនឡើង​ជាង ៤​ ម៉ឺន ខណៈ​វិស័យ​កាត់ដេរ​កើនឡើង​ដល់ ១៨១០ រោងចក្រ​សហគ្រាស ដែល​បានផ្តល់​ឱកាស​ការងារ​ដល់​កម្មករ-និយោជិត​ប្រមាណ​ជាង ២​ លាន​កន្លែង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​ដដែល​រូបនេះ គូសបញ្ជាក់ថា កំណើន​ នៃ​រោងចក្រ​សហគ្រាស​នេះ​ បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ ​នៃ​វិស័យ​ការងារ និង​សេចក្តីទុកចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ស៊ុន មេសា លើកឡើងថា “​កំណើន​ នៃ​រោងចក្រ​ដ៏​ច្រើន​នេះ បង្ហាញ​ពី​វឌ្ឍនភាព​ នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និង​បង្ហាញ​ពី​សេចក្តីទុកចិត្ត​របស់​វិស័យ​ឯកជន និង​វិនិយោគិន​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​បន្ត​អនុគ្រោះ​ទៅដល់​រោងចក្រ​សហគ្រាស​ថ្មីៗ​ ជា​បន្តបន្ទាប់ ក្នុង​នោះ​ ក្រសួង​ការងារ បាន​កាត់បន្ថយ​នូវ​សេវា​របស់​ខ្លួន ជិត ២០​ សេវា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​វិនិយោគិន​”។

បន្ថែម​ពីនេះ អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍ថា នៅ​កម្ពុជា​មិន​ត្រឹម​តែមាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នោះទេ ថែមទាំង​សម្បូរ​ទៅដោយ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​គ្រប់គ្រាន់ ជា​កត្តា​គួរ​ផ្សំ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ផង​ដែរ។

លោក ស៊ុន មេសា បន្ថែមថា “​យើង​ឃើញថា លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ ដែល​ធ្វើ​ឱ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​កាន់តែខ្លាំង មកលើ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ពីនេះ គឺ​ការ​ចូលរួម​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ដែល​ក្រសួង​ការងារ​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ផ្តល់​នូវ​ភាព​បត់បែន​នូវ​ឱកាស​ នៃ​ការបណ្តុះបណ្តាល​ជូន​បងប្អូន​កម្មករ-កម្មការិនី​គ្រប់​ពេល។ យើង​អាច​និយាយបានថា លក្ខខណ្ឌ​ការងារ​ល្អ កម្មករ​មាន​ជំនាញ ស្ថិរភាព​នយោបាយ និង​ការ​ទាក់ទាញ​វិនិយោគិន​កាន់តែ​សម្បូរបែប​ដែល​ធ្វើឱ្យមាន​ការ​វិនិយោគ​ជា​បន្តបន្ទាប់​”។

អ្នកនាំពាក្យ​ក្រសួង​ការងារ​ គូសបញ្ជាក់ថា គិត​ត្រឹម​ខែតុលា ដើមឆ្នាំ​ ២០២៥ នេះ កម្ពុជា​ ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ៥៧៩ ​គម្រោង ជាមួយនឹង​ទុនវិនិយោគ ៩,២ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ផ្តល់​ឱកាស​ការងារ ៤០ ​ម៉ឺន​កន្លែង​បន្ថែម​ទៀត ពី​លើ​ឱកាស​ការងារ​ជាង ៨,២​ ម៉ឺន​កន្លែង​ ដែល​កម្ពុជា​មាន​ស្រាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម