Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់​ខ្ពស់​ក្រសួងការងារ​ ជួប​សំណេះសំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហព័ន្ធសហជីព

បានផុស

នៅ

ភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហព័ន្ធសហជីព ដែល​ជំនួប​ទៀងទាត់​ប្រចាំ​ខែ​នេះ​មាន​គោលដៅ​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​រួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏​ដូច​ជាក្តាប់នូវបញ្ហាប្រឈម និង​វិវាទ​ការងារ​ផ្សេងៗរបស់បងប្អូនកម្មករ និយោជិត​នៅ​កន្លែង​ធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ បាន​កោតសរសើរ ចំពោះ​ការ​ចូលរួម​របស់​សហជីព​ទាំង​ក្នុង​សកម្មភាពការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ លោក​ក៏​បាន​ជំរុញ​យ៉ាង​មុតមាំ​ឱ្យ​ប្រធាន​សហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បី​រាយការណ៍​នូវ​បញ្ហា​នានា​តាម​រោងចក្រ សហគ្រាស​មក​កាន់​ក្រសួង​ឱ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់​កិច្ច​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព។

ជា​ការ​ផ្តាំផ្ញើ លោក ងុយ រិទ្ធ ស្នើ​ឱ្យ​សហជីព​មូលដ្ឋាន​ទាំងអស់​ពង្រឹង​សមត្ថភាព និង​កសាង​នូវ​ការ​ជឿទុកចិត្ត​ពីកម្មករ ខណៈ​ក្រសួង​បាន​ត្រៀម​នូវ​គ្រប់​មធ្យោបាយទំនាក់ទំនង សម្រាប់ទទួលព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ដោយ​ត្រូវ​ទុក​ចិត្ត​លើ​យន្តការ​សម្របសម្រួល​ដោះស្រាយ​របស់ក្រសួងតាមរយៈមន្ត្រីអធិការកិច្ចការងារ។

ជា​មួយ​គ្នា​នេះ​ដែរ ក្នុង​នាម​ក្រសួង លោក ងុយ រិទ្ធ បានណែនាំដល់ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​ទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និង​ផល​ប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយ​អនុវត្តឱ្យបានត្រឹមត្រូវទៅ​តាមនីតិវិធីជាធរមាន ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈ ហើយ​សមាជិកសហជីព​អាចទទួលបាននូវការការពារប្រកប​ដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម