Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំព្រមាន​​សងសឹក ក្រោយ​ទាហាន​អាមេរិក​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ DAESH នៅ​ស៊ីរី

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន​​នឹង​ធ្វើការ​សងសឹក​ប្រឆាំង​នឹង​ក្រុម DAESH បើ​កងកម្លាំង​អាមេរិក​ត្រូវ​បាន​វាយប្រហារ​ម្ដងទៀត បន្ទាប់ពី​ទាហាន​អាមេរិក២នាក់ និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយឆ្មក់​នៅ​​ប្រទេស​ស៊ីរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យោង​តាម​បញ្ជាការ​កណ្ដាល​អាមេរិក (CENTCOM) ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី១៣​​ធ្នូ នៅ​ពេល​ដែល​ខ្មាន់កាំភ្លើង DAESH ម្នាក់​បាន​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​កងកម្លាំង​អាមេរិក និង​កងកម្លាំង​ជា​ដៃគូ​នៅ​តំបន់​វាល​ខ្សាច់ Palmyra។ ទាហាន​អាមេរិក៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ។

CENTCOM បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា «ទាហាន​អាមេរិក២​នាក់ និង​ជន​ស៊ីវិល​អាមេរិក​ម្នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ទាហាន​៣​នាក់​បាន​រង​របួស​ដោយសារ​ការ​វាយឆ្មក់​របស់​ខ្មាន់កាំភ្លើង DAESH ម្នាក់​នៅ​ស៊ីរី» ដោយ​បន្ថែម​ថា ក្រោយមក​អ្នក​វាយប្រហារ​នោះត្រូវ​​បាន​បាញ់​​សម្លាប់។

លោក Sean Parnell អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក បាន​​ប្រាប់​​ថា ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​នោះ គឺជា​អ្នក​បកប្រែ​ភាសា​​សញ្ជាតិ​អាមេរិក។

ថ្លែង​ក្រោយ​ការ​វាយប្រហារ​ លោកត្រាំ បាន​​ព្រមាន​​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ឆ្លើយតប​យ៉ាង​ដាច់ណាត់ បើ​ក្រុម DAESH ហ៊ាន​វាយប្រហារ​កងកម្លាំង​អាមេរិក​ម្ដងទៀត ដោយ​សង្កត់ធ្ងន់​ថា អាមេរិក​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​មួយ​​នេះ។

ទាហាន​អាមេរិក​នៅ​ស៊ីរី (រូបថត៖ AA)

លោក Tom Barrack បេសកជន​ពិសេស​អាមេរិក​ប្រចាំ​ស៊ីរី បាន​ថ្កោលទោស​ឧបទ្ទវហេតុ​នេះ​ថា​ជា «ការ​វាយឆ្មក់​ភេរវកម្ម​ដ៏​កំសាក» ដោយ​សម្ដែង​ការ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ជូនពរ​​ឲ្យ​​អ្នក​របួស​ឆាប់​ជាសះស្បើយ។

កងកម្លាំង​អាមេរិក​កំពុង​ប្រតិបត្តិការ​នៅ​ស៊ីរី​ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​​អាមេរិក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម DAESH។ ប្រទេស​ស៊ីរី​បាន​ចូលរួម​ជា​ផ្លូវការ​ជាមួយ​សម្ព័ន្ធភាព​នេះ​ក្នុង​ខែ​វិច្ឆិកាឆ្នាំ​២០២៥ បន្ទាប់ពី​ការ​ដួលរលំ​នៃ​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Bashar al-Assad កាលពី​ចុង​ឆ្នាំ​មុន។

ចាប់តាំងពី​ពេល​នោះ​មក រដ្ឋបាល​ថ្មី​របស់​ស៊ីរី​បាន​ស្វះស្វែង​ដើម្បី​ពង្រឹង​សន្តិសុខ និង​ធ្វើ​​ឲ្យ​​ប្រទេស​មាន​ស្ថិរភាព​ឡើងវិញ​បន្ទាប់ពី​ជម្លោះ​ជាង​មួយ​ទសវត្សរ៍៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម