Connect with us

ព័ត៌មានអន្ដរជាតិ

Zelenskyy សុខចិត្តមិនចូលណាតូ ឲ្យតែប្រទេសលោកខាងលិច ធានាសន្តិសុខដល់ អ៊ុយក្រែន

បានផុស

នៅ

សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ គឺជាអ្វីដែលរុស្ស៊ីអះអាងថាជាឫសគល់មួយ ដែលឈានដល់ការផ្ទុះសង្គ្រាម ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះ ទីក្រុងកៀវនៅតែចិញ្ចឹមចិត្តមិនបោះបង់ចោលមហិច្ឆតានេះឡើយ។ 

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (រូបថត៖ Reuters)

យ៉ាងណា តាមការផ្សាយរបស់ Guardian កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥ ក្នុងជំនួបជាមួយប្រេសិតអាមេរិក, ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្ហើបថា អ៊ុយក្រែន សុខចិត្តឈប់ប៉ងប្រាថ្នាចូលណាតូ ឲ្យតែ លោកខាងលិច ផ្តល់ការធានាសន្តិសុខ ដល់ប្រទេសរបស់លោក។ 

ឆ្លើយប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សារយៈពេល៥ម៉ោង ជាមួយលោក Steve Witkoff ដែ​លធ្វើឡើងនៅទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ជាមួយលោក, លោក Zelenskyy ប្រាប់ថា៖ «តាំងពីដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែនគឺចង់ចូលណាតូណាស់ ព្រោះនេះគឺជាការធានាសន្តិសុខយ៉ាងពិតប្រាកដ។ យ៉ាងណា ដៃគូមួយចំនួនមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុប មិនគាំទ្រទិសដៅនេះទេ។ ដូច្នេះហើយ បច្ចុប្បន្ន ការធានាសន្តិសុខទ្វេភាគីរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក ដូចការធានាក្រោមមាត្រា៥របស់ណាតូ និងការធានាសន្តិសុខពីសហការីអឺរ៉ុបក៏ដូចជាប្រទេសដទៃទៀត រួមមានកាណាដានិងជប៉ុន គឺជា ឱកាសមួយដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីមួយលើកទៀត»។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ ប្រេសិតអាមេរិក Witkoff ក៏និយាយដែរថា ជំនួបជាមួយលោក Zelenskyy គឺទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។

សូមជម្រាបថា រឿងអ៊ុយក្រែនចូលណាតូ ត្រូវបានរុស្ស៊ីព្រមានរួចមកហើយថា ខ្លួននៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។  

ប្រមុខអង្គការណាតូលោក ម៉ាក រូតេ (រូបថត៖ Reuters)

អ្នកនាំពាក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ធ្លាប់លើកឡើងថា ទីក្រុងមូស្គូ មិនអាចទទួលយកសមាជិកភាពណាតូរបស់អ៊ុយក្រែនបានឡើយ ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់រុស្ស៊ី ហើយអាចបង្កឲ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។

លោកស្រីបន្ថែមថា អ៊ុយក្រែនគួរតែបំភ្លេចសន្យាអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការ៉េស នៃប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ២០០៨ទៅ ដែលកាលនោះទីក្រុង កៀវ ត្រូវគេសន្យាឲ្យខ្លួនចូលក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម