Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចថៃចុះខ្សោយ បង្ខំឱ្យ​ធនាគារកណ្ដាលកាត់អត្រាការប្រាក់់ជាថ្មី

បានផុស

នៅ

កម្សោយ​សេដ្ឋកិច្ចថៃ បាន​បង្ខំឱ្យ​ធនាគារកណ្ដាលរបស់ប្រទេសនេះ បង្ខំ​កាត់អត្រាការប្រាក់ ២៥ ពិន្ទុ បន្ថែមទៀត ដើម្បីជំរុញកំណើនដែលដើរអូសជើងដោយសារតែបញ្ហាផ្សេងៗ រាប់តាំងពីបំណុលគ្រួសារ ​ព្យុះនយោបាយក្នុង វិបត្តិទេសចរណ៍ និងជម្លោះព្រំដែនជាមួយ​កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

ការកាត់ ២៥ ពិន្ទុ ឬ ០,២៥% នាំឱ្យអត្រាការប្រាក់សរុបធ្លាក់ចុះមកត្រឹម ១,២៥%។ នេះគឺជាការកាត់អត្រាការប្រាក់លើកទី៥ហើយ រាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដែលសរុបមកទល់ពេលនេះប្រមាណ ១,២៥%។

លេខាធិការ​នៃ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ (MPC) នៃធនាគារកណ្ដាលថៃ លោក Sakkapop Panyanukul ​បាន​​និយាយក្នុង​សេចក្តីថ្លែងការណ៍​​​ថា៖ «គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​ថៃ​ បាន​វាយតម្លៃ​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ថៃ​ ដែល​​បង្ហាញ​ពី​ការធ្លាក់ចុះ​កាន់តែច្បាស់​ បើ​ធៀប​នឹង​កិច្ចប្រជុំ​មុនៗ»។

សេដ្ឋវិទូថៃមើលឃើញថា បច្ចុប្បន្នសេដ្ឋកិច្ចថៃបាន​ដុនដាបដោយសារតែបញ្ហាផ្សេងៗ រួមទាំងបំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការ វិបត្តិនយោបាយ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ គ្រោះទឹកជំនន់ និងជម្លោះព្រំដែនជាមួយកម្ពុជាជាដើម។ ក្រៅពីនេះ សេដ្ឋកិច្ចថៃក៏រងសម្ពាធពីពន្ធខ្ពស់របស់សហរដ្ឋ​អាមេរិក និងភាពមិនប្រាកដប្រជាសកលផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)ថៃ ព្យាករថា កំណើន GDP (ផលិតផលក្នុងស្រុកសរុប) របស់ថៃ នឹងថយចុះ​មកត្រឹម ២% នៅឆ្នាំនេះ និង ១,៧% នៅឆ្នាំ​ក្រោយ​។ GDP ថៃ បាន​កើនឡើងត្រឹមតែ ១,២% ប៉ុណ្ណេះ នៅត្រីមាសទី៣ ឆ្នាំ ២០២៥ ធៀបនឹង ២,៨% នៅត្រីមាសទី២ ខណៈកំំណើនត្រីមាសទី៤ រំពឹងថានឹង​ធ្លាក់ចុះក្រោយ ១%។ ​​

អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) លោកស្រី Nattaporn Triratanasirikul បាន​និយាយថា ការ​កាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលថៃ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់គណៈកម្មាធិការអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រីបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «ដោយសារសភាត្រូវបានរំលាយរួចហើយ គោលនយោបាយសារពើពន្ធ និងការចំណាយថវិកាផ្សេងៗ នឹងដំណើរការយឺត​យ៉ាវ ហើយអាចនឹង​រងការរំខានក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចាំផ្ទះ»។

បណ្ដាសេដ្ឋវិទូថៃបានព្រមានថា ចំពេលដែលបរិមាណភ្ញៀវបរទេស​ធ្លាក់ចុះ ការនាំចេញរបស់ថៃ ដែលជាវិស័យសំខាន់មួយផ្សេងទៀតសម្រាប់សេដ្ឋកិច្ច រំពឹងថានឹង​ចុះខ្សោយ​ ជាពិសេសនៅឆ្នាំក្រោយ​។

Kasikorn បានរំពឹងថា ការនាំចេញ​នឹងធ្លាក់ចុះ ១,២% នៅឆ្នាំក្រោយ​ ​បន្ទាប់ពីកើនឡើង ១១% នៅឆ្នាំនេះ ​នៅពេលក្រុមហ៊ុននានាបានប្រញាប់ប្រញាល់​នាំចេញទំនិញមុនពេល​ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលជាធរមាន។

បន្ថែមពីលើនេះ លោកស្រី Nattaporn បាននិយាយថា ការប្រយុទ្ធគ្នារវាង​ថៃ និង​កម្ពុជា ​អាចនឹង​ធ្វើឱ្យព្រំដែនគោករវាងប្រទេសទាំង២ បន្តបិទនៅឆមាសទី១ ឆ្នាំ ២០២៦ ​ដែល​អាចបណ្តាលឱ្យការនាំចេញរបស់ថៃទៅកាន់អាស៊ីអាគ្នេយ៍សរុប ធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម