Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា គំរាមកម្ទេច អគារ Scammer ដែលសង់ថ្មីៗ នៅកៀកព្រំដែន ថៃ

បានផុស

នៅ

ស្របពេលដែលមីយ៉ាន់ម៉ាកំពុងបង្កើនយុទ្ធនាការកម្ទេចក្រុមឧក្រិដ្ឋជនតាមអនឡាញមិនដកដៃនៅក្នុងតំបន់ស្ថិតនៅកៀកព្រំដែនថៃនោះ របបសឹកប្រទេសនេះថែមទាំងគំរាមទៀតថា ពួកគេនឹងបំផ្លាញចោលនូវអគារ Scammer ដែលសង់ថ្មីៗ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រប៉ុណ្ណោះ ពីទឹកដីថៃ។

(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod នៅដើមសប្តាហ៍នេះ, កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ច្បាស់ថា ប្រតិបត្តិការកម្ទេចអគារ Scammer នៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko បានកម្ទេចអគារជាបន្តបន្ទាប់ ធ្វើឲ្យ Scammer រត់ប្រសាចចេញពីទីនោះ ប៉ុន្តែលេចឮដំណឹងថា ពួកគេកំពុងសាងសង់អគារថ្មីៗដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីព្រំដែនថៃ នៃស្រុក Mae Sot ខេត្ត Tak។

ដូច្នេះហើយ ក្រោយមក កងទ័ពមីយ៉ាន់ម៉ាប្រកាសថា ពួកគេមិនទុកទេ រាល់អគារសង់ថ្មីជំនួសអគារដែលកម្ទេចចោលនៅកន្លែងចាស់ ក៏នឹងត្រូវបំផ្លាញចោលដែរ។

ការប្រកាសនេះកើតឡើងបន្ទាប់ពី កងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារ នៅតំបន់សេដ្ឋកិច្ចពិសេស KK Park។

(រូបថត៖ Khaosod)

ក្នុងប្រតិបត្តិការនោះ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។

ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម