Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio បង្ហើបថា កម្ពុជា-ថៃ អាចឈប់បាញ់ នៅថ្ងៃចន្ទ ឬអង្គារ

បានផុស

នៅ

ក្នុងសន្និសីទកាសែតចុងឆ្នាំនៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក៏បានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ ដោយលោកបង្ហើបថា កម្ពុជា-ថៃ អាចឈប់បាញ់នៅត្រឹមថ្ងៃចន្ទឬអង្គារ។ លោកនិយាយថា ចាប់ពីថ្ងៃនេះដល់ថ្ងៃចន្ទ ដែលជាថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន, អាមេរិកនឹងធ្វើការដើម្បីឲ្យភាគីទាំងពីរ វិលទៅអនុវត្តតាមកិច្ចព្រមព្រមព្រៀងសន្តិភាពវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

ក្នុងសន្និសីទរយៈពេលជាង២ម៉ោង លោក Rubio ប្រាប់ទៅក្រុមអ្នកកាសែតថា៖ «លោក ត្រាំ ធ្លាប់និយាយអំពីការចង់ឲ្យគេចងចាំលោកថាជា អ្នកបង្កើតសន្តិភាព ប៉ុន្តែបទឈប់បាញ់ដែលរដ្ឋបាលរបស់លោកបានជួយបង្កើតនោះ កំពុងជួបបញ្ហារួចទៅហើយ ដោយសារតែកើតមានសកម្មភាពយោធាឡើងវិញរវាងកម្ពុជានិងថៃនៅអាស៊ី និងរវ៉ាន់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅអាហ្វ្រិក»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Rubio អះអាងថា កិច្ចព្រមព្រៀងទាំងនោះបានជួយបង្កើតឲ្យមានការប្តេជ្ញាចិត្ត ដែលឥឡូវនេះអាចយកទៅប្រើដើម្បីនាំភាគីទាំងពីរឲ្យវិលត្រឡប់ទៅរកសន្តិភាពវិញ។

តាមការលើកឡើងរបស់លោក Rubio, ជម្លោះបានផ្ទុះឡើងឡើងវិញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ថៃ។ ការប្តេជ្ញាចិត្តទាំងអស់នៅថ្ងៃនេះមិនត្រូវបានរក្សាទុកទេ តែការងារឥឡូវ គឺត្រូវនាំប្រទេសទាំងពីរឲ្យត្រឡប់ទៅតុចរចាវិញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

មុននេះដែរ ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow លោក Rubio ក៏បានសម្តែងក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនដែរ ចំពោះការប៉ះទង្គិចគ្នាដែលកំពុងបន្ត និងបានដាក់សម្ពាធ​ឲ្យ​ទីក្រុងបាងកកត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ។

លោក Rubio ព្រមាន​​ឲ្យ​ ថៃឆាប់​ចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយអំពើហិង្សានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ដោយអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់។

ទន្ទឹមនោះ អាមេរិកបានសម្តែងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីការពារកុំឲ្យមានការកើនឡើងនូវជម្លោះបន្ថែមទៀត និងដើម្បីស្តារស្ថិរភាពឡើងវិញនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម