Connect with us

ព័ត៌មានជាតិ

រោងទឹកប្រមាណ ៤៥០ ទីតាំង សាងសង់​រួចរាល់​ត្រៀម​ទទួល​ទេសចរ​មក​កម្សាន្ត​នៅ​ទឹកជួរកំាំពី​ខេត្តក្រចេះ

បានផុស

នៅ

រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពីខេត្តក្រចេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល​ឆ្នាំ ២០២៥ ដ៏ខ្លីខាងមុខនេះ និងបើករដូវកាលទេសចរថ្មីក្នុងឆ្នាំ ២០២៦។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបាន​ឲ្យ​ដឹងក្នុងដំណើរចុះពិនិត្យ ការរៀបចំតំបន់រមណីយដ្ឋានទឹក​ជួរ​​ទន្លេមេគង្គក្រចេះថា រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពីក្នុងខេត្តក្រចេះ គឺជារមណីយដ្ឋានមួយដែលខេត្តចាត់ទុកជាតំបន់​ដែលទាក់ទាញសំខាន់សម្រាប់ខេត្តក្រចេះ គឺបានបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ឲ្យ​មកកម្សាន្ត​បានហើយចាប់ពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនោះគឺបានត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ​ឲ្យ​មកកម្សាន្ត​នៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលនាពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះអ្វីដែលខាងមន្ទីរទេសចរណ៍ខេត្ត បាននឹងកំពុងខិតខំផ្សព្វផ្សាយ នាពេលនេះ ក្នុងគោលបំណង់ចង់បញ្ជាក់ថា រមណីយដ្ឋានទឹកជួរទន្លេមគង្គកាំពីបានចាប់ផ្ដើមដំណើរការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងចំពោះមុខនេះ គឺបានធ្វើរោងលក់ម្ហូបអាហារ ភេសជ្ជៈ រោងលក់វត្ថុអនុស្សាវរីយ៍ ហើយអ្វីដែលពិសេសជាងនេះ គឺរោងទឹកដែលមានចន្លោះប្រមាណជា ៤៥០ ទីតាំង និង​កំពុងតែរៀបចំជាបន្តបន្ទាប់ទៀត ក៏សម្រេចជិតរួចរាល់ទាំងស្រុងផងដែរ។

លោកបន្តថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំសកលខាងមុខនេះ ភ្ញៀវទេសចរអាចធ្វើដំណើរ​មក​កម្សាន្ត ដើម្បីចូលរួមលើកស្ទួយវិស័យ​ទេសចរណ៍ ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឃើញថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចាប់អារម្មណ៍​និង​បាន​មក​កម្សាន្ត​នៅរមណីយដ្ឋានទឹកជួរកាំពីជាបណ្ដើរៗ ស្របតាមការផ្សព្វផ្សាយរបស់មន្ទីរនាពេលកន្លងមក អំពីការធ្វើបដិសណ្ឋារកិច្ចល្អ ផ្ដល់ភាពកក់ក្ដៅពោរពេញទៅដោយក្ដីសប្បាយរីករាយជាមួយនឹងធម្មជាតិ។ ជាងនេះទៅទៀត មន្ទីរទេសចរណ៍ខេត្ត នឹងព្យាយាមធ្វើយ៉ាងណា​ឲ្យ​គុណភាពសេវាកម្មល្អ ទាំងបដិសណ្ឋារកិច្ច ទាំងចំណតរថយន្ត ទាំងតម្លៃម្ហូបអាហារ គឺខិតខំធ្វើយ៉ាងណា​ឲ្យ​មានការពេញចិត្តភ្ញៀវ ដែលមកកំសាន្តនៅទីនេះ។

បច្ចុប្បន្នរមណីយដ្ឋានទឹកជួរកាំពី ត្រូវបានអាជ្ញាធរខេត្តក្រចេះយកចិត្តទុកដាក់រៀបចំកែលំអបន្ថែមទាំងសេវាកម្ម តម្លៃនឹងគុណភាពម្ហូបអាហារ កន្លែងចំណតរថយន្ត ម៉ូតូ ទីធ្លារធំទូលាយ រោងទឹកមានជណ្ដើរឡើងចុះងាយស្រួលចុះងូតទឹកលេង និងមានសុវត្ថិភាពផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម