Connect with us

ព័ត៌មានជាតិ

កសិករតាមស្រុកគោលដៅក្នុង​ខេត្ត​បាត់ដំបង​ផ្តើម​ប្រមូលផល​ដំឡូងមី ខណៈ​មិនបារម្ភ​ទីផ្សារ​​នាំចេញ

បានផុស

នៅ

កសិករលើស្រុកគោលដៅ​ចំនួន ៧ ក្នុងខេត្តបាត់ដំបង មិនប្រឈមការ​កកស្ទះលើការ​ប្រមូលផលដំឡូងមីឆ្នាំនេះ​​នោះទេ​ បើទោះមិន​មានការនាំចេញ​ទៅប្រទេសថៃ។

កសិកររស់នៅស្រុកបាណន់ លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូលផលដំឡូងមីតាំងពីដើមខែ​១ ឆ្នាំ​២០២៦ ហើយលោកក៏បានលក់អស់ដែរ។

លោកបន្តថា ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយក៏ជាតម្រូវការទីផ្សារ​ផង​ដែរ ខណៈ​តម្លៃកើនជាងឆ្នាំមុនគ្រាន់បើ ហើយលោកកំពុងធ្វើដីហាលដើម្បីធ្វើការដាំបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុកចំនួន ៧ នៃខេត្តបាត់ដំបង មានកសិករដាំដុះដំឡូងមី​លើផ្ទៃដីប្រមាណ ១២៤ ៦៨១ ហិចតា ស្របពេលទីផ្សារ​ក្នុងស្រុកធំទូលាយ បើទោះរង​ការ​បិទ​ខ្ទប់នាំចេញទៅ​ប្រទេសថៃក៏ដោយចុះ។ នេះបើតាមការឲ្យ​ដឹង​ពីមន្ត្រីកសិកម្ម​ខេត្តបាត់ដំបង​។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ស្រុកទាំង៧ ដែលកសិករដដំឡូងមីក្នុងនោះមាន ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតន:មណ្ឌល ស្រុកភ្នំព្រឹក និង ស្រុករុក្ខគីរី។ ចំណែកទីផ្សារនៅតាមស្រុកនីមួយៗ មានតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ហើយស្រុកមួយចំនួនក៏មានតម្លៃកើនជាងឆ្នាំមុនផងដែរ។

តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។

ស្រុកសំពៅលូន មើមស្រស់តម្លៃ ២៤០ រៀល ក្នុង១គីឡូក្រាម និងមើមស្ងួតលក់បាន ៦៤០ រៀលក្នុង១គីឡូក្រាម។ ស្រុកកំរៀង មើមស្រស់តម្លៃ ២២០ រៀលក្នុង១គីឡូក្រាម និងមើមស្ងួត តម្លៃ ៦០០ រៀលក្នុង១គីឡូក្រាម។ ស្រុក​រតន:មណ្ឌល មើមស្រស់តម្លៃ ២១០ រៀលក្នុង១គីឡូក្រាមនិងមើមស្ងួតលក់បាន ៥០០ រៀលក្នុង១គីឡូក្រាម។

ស្រុកភ្នំព្រឹក មើមស្រស់តម្លៃ ២៤០ រៀលក្នុង១គីឡូក្រាម មើមស្ងួត ៦៤០ រៀលក្នុង១គីឡូក្រាម និង ស្រុករុក្ខ គីរី មានលក់តែមើមស្ងួតប៉ុណ្ណោះ បានតម្លៃ ៦០០ រៀលក្នុងមួយគីឡូក្រាម។

គិតជាមធ្យមតម្លៃ​លក់បាន ២១៥ រៀលក្នុង១គីឡូក្រាមសម្រាប់ “មើមដំឡូងស្រស់” និងមើមស្ងួតលក់បានជាមធ្យម ៥៩៣ រៀល ក្នុងមួយគីឡូក្រាម។

បើតាមលោក ហេង សិទ្ធ ដំណាំដំឡូងមី កសិករបានចាប់ប្រមូលផលតាំងពីពាក់កណ្តាលខែ ១២ រហូតដល់ដាច់ខែ ២​ទើប​ប្រមូលអស់។ បើគឹតត្រឹមថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៦ កសិករបានប្រមូលផលជាបណ្តើរៗៗ ហើយកសិករមួយចំនួនក៏បានលក់អស់ហើយ តែកសិករមួយចំនួនទៀតក៏នៅមិនទាន់ប្រមូលនៅឡើយ ខណះទិន្នផលដំឡូងមីឆ្នាំនេះ ទិន្នផលជាមធ្យមប្រមូលបានជាង ២៤ តោន ក្នុងមួយហិកតា៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម