Connect with us

សេដ្ឋកិច្ច

កម្ពុជាច្រានចោលប្រព័ន្ធផ្សព្វផ្សាយថៃមិនពិត ថា សមត្ថកិច្ច​​​​ធ្វើទុក្ខបុកម្នេញជនជាតិថៃ នៅតាមអាកាស​យានដ្ឋាន

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរ​ជនជាតិថៃដែលចេញ-ចូលកម្ពុជានោះទេ គ្រាន់តែមានការអនុវត្ត​វិធានការ​មួយ​ចំនួន ចំពោះជនជាតិថៃទាំង​ឡាយ​ណា ដែលគ្មានប្រវត្តិចេញ-ចូលកម្ពុជាញឹកញាប់។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអះអាងរបស់លោក ​ស៊ីន ចាន់សិរីវុត្ថា​ ឆ្លើយតបនឹងការចោទប្រកាន់របស់​បណ្តាសារព័ត៌មាន​ថៃមួយ​ចំនួន ដែលបានផ្សព្វ​ផ្សាយ​ថា ​សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ​ ពិសេស​នៅអាកាស​យានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញ-ចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់។

​លោក ស៊ីន ចាន់សិរីវុត្ថាថា បាន​បញ្ជាក់ថា ​អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅ​កាន់ប្រទេសថៃវិញ ​ហើយមានប្រវត្តិធ្វើដំណើរច្បាស់លាស់ ​ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិន​មានការសួរនាំអ្វីនោះទេ។

​ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយមិនមានប្រវត្តិចូល​មកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព​ និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯក​សារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ 

​លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដោយឡែក ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។​

​សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថាន​តំណាង​កម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរ​ឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។  

​ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាង ធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់​ក្រុមហ៊ុនអាកាសចរណ៍ថៃជា​បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

​ស្របជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏បានចេញសេចក្តីជូន​ដំណឹង​មួយ ដោយបកអាក្រាតទង្វើអាក្រក់របស់ថៃ ដែលបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដំណើរ​មកពី​អឺរ៉ុប ឆ្លងកាត់ព្រលានយន្តហោះរបស់ថៃចូលកម្ពុជាផងដែរ។ 

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹងថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបាន​ធ្វើដំណើរទៅប្រទេស​កម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាស​យាន​ដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួស​ហេតុឱ្យ​បង្ហាញ​ឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារ​កក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិន​សមហេតុ​ផល និងនៅក្នុងករណីខ្លះ អ្នកដំណើរ​បាន​បាត់វ៉ាលិសថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរ​ជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេល​ធ្វើដំ​ណើរ​ទៅកម្ពុជា។

​មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។

​បញ្ហា​ទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍​នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍​យ៉ាងរួស​រាយ​រាក់​ទាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម