ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបញ្ជាក់ជំហរនៅប្រកៀកស្មាជាមួយចិន ក្នុងបញ្ហាដែនកោះតៃវ៉ាន់
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថា ទីក្រុងមូស្គូនៅតែបន្តគាំទ្រ ទីក្រុងប៉េកាំងអំពីបញ្ហាជាមួយកោះតៃវ៉ាន់។

យោងតាមរ៉យទ័រ ប្រទេសចិន និងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» នៅប៉ុន្មានថ្ងៃមុន ពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ក្នុងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ថា ជាទឹកដីរបស់ខ្លួន ហើយមិនបានបោះបង់ចោលការប្រើប្រាស់កម្លាំងលើកោះនេះឡើយ។ ទីក្រុងប៉េកាំងបានផ្តល់ជូនតៃវ៉ាន់នូវគំរូជា «ប្រទេសមួយ ប្រព័ន្ធពីរ» ស្រដៀងនឹងហុងកុង ទោះបីជាមិនមានគណបក្សនយោបាយធំណាមួយ នៅតៃវ៉ាន់គាំទ្រលើរឿងនេះក៏ដោយ។
យ៉ាងណា រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាព ហើយចាត់ទុកកោះនេះជាផ្នែកមួយដែលមិនអាចបំបែកចេញពីចិនឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន TASS លោក Shoigu ថា៖«យើងឃើញជនទុច្ចរិតរបស់ចិន នៅតែបន្តធ្វើឱ្យស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់មានអស្ថិរភាព។ ពួកយើងចង់បញ្ជាក់ឡើងវិញថា យើងនៅតែបន្តគាំទ្រដ៏ខ្ជាប់ខ្ជួន និងមិនផ្លាស់ប្តូរចំពោះទីក្រុងប៉េកាំង លើបញ្ហាលើកោះតៃវ៉ាន់ទេ»។
លោកបន្តទៀតថា៖ «យើងបន្តនៅពីក្រោយការពិត ដែលរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងអស់»។
គួរឱ្យដឹងថា លោក Shoigu អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានមកដល់ប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ។
ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានឱ្យដឹងថា លោក Shoigu និង លោក Wang Yi នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។
មិនតែប៉ុណ្ណោះ លោក Wang បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីមាន «កាតព្វកិច្ច» អនុវត្តពហុភាគីនិយម និងតស៊ូមតិសម្រាប់ពិភពលោកពហុប៉ូលស្មើគ្នា ឱ្យមានរបៀបរៀបរយ។ នេះបើយោងតាមក្រសួងការបរទេសចិន។
លើសពីនេះ អ្នកការទូតកំពូលរបស់ប្រទេសចិនបានអំពាវនាវឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនងជិតស្និទ្ធ លើបញ្ហាសំខាន់ៗ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ផលប្រយោជន៍ស្នូលទៅវិញទៅមក។
លោក Wang បានលើកឡើងទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងបង្កើនទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


