Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយមន្ទីរពហុព្យាបាល «សុខ រក្សា» លើកកម្ពស់ការយល់ដឹងអំពីការបង្ការជំងឺមហារីក

បានផុស

នៅ

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរពហុព្យាបាល សុខ រក្សា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការកែប្រែរបៀបរស់នៅ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីក» ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពជូនដល់បុគ្គលិក និងមន្ត្រីរាជការ សរុបប្រមាណជាង ៣០០នាក់ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត អ្នកជំនាញឯកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីក និងជានាយកប្រតិបត្តិផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពហុព្យាបាល សុខ រក្សា បានបង្ហាញពីទំនាក់ទំនងរវាងទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជា ការហូបចុក ការរស់នៅ និងហ្សែន ដែលជាកត្តាសំខាន់ៗអាចជំរុញឱ្យកើតមានជំងឺមហារីក។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការរស់នៅបែបសុខភាព គឺជាគន្លឹះសំខាន់ក្នុងការការពារ និងបង្ការជំងឺរ៉ាំរ៉ៃផ្សេងៗ ជាពិសេសជំងឺមហារីក។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីសារសំខាន់នៃ ការពិនិត្យសុខភាពតាមដានឱ្យបានទាន់ពេលវេលា និងការស្វែងរកជំងឺមហារីកតាំងពីដំណាក់កាលដំបូង តាមរយៈបច្ចេកវិទ្យាទំនើប ជាជាងរង់ចាំរហូតដល់មានរោគសញ្ញាធ្ងន់ធ្ងរ ទើបទៅព្យាបាល។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទនៃការអនុវត្ត អនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមន្ទីរពហុព្យាបាល សុខ រក្សា ដែលមានគោលបំណងលើកកម្ពស់សុខុមាលភាពសាធារណៈ និងអប់រំលើកកម្ពស់ការយល់ដឹងអំពីសុខភាពទូទៅ។

កិច្ចសហការនេះក៏មានគោលដៅបង្កើនភាពងាយស្រួលដល់បុគ្គលិក មន្ត្រីរាជការ និងសមាជិកគ្រួសារ ក្នុងការទទួលបានសេវាថែទាំសុខភាពបន្ថែម ព្រមទាំងជួយសម្រាលបន្ទុកចំណាយលើសេវាពិនិត្យសុខភាពទូទៅ បន្ទប់សម្រាកព្យាបាល ការថតរូបភាពវេជ្ជសាស្ត្រ ការធ្វើតេស្តមន្ទីរពិសោធន៍ និងការចាក់វ៉ាក់សាំងផ្សេងៗ។

ក្រសួងបានបញ្ជាក់ថា កិច្ចសហការនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បុគ្គលិក និងមន្ត្រីរាជការ និងក្រុមគ្រួសារ ព្រមទាំងធានាឱ្យមន្ត្រីរាជការដែលជាអ្នកបម្រើសេវាសាធារណៈ មានសុខភាពមាំមួន ដើម្បីបន្តបំពេញភារកិច្ចផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា មន្ទីរពហុព្យាបាល សុខ រក្សា គឺជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលបង្កើតឡើងដោយកូនខ្មែរ មានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ និងផ្តល់សេវាថែទាំសុខភាពកម្រិតស្តង់ដាអន្តរជាតិ។ មជ្ឈមណ្ឌលនេះមានឯកទេសខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺក្រពះ ពោះវៀន និងជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានបទពិសោធច្បាស់លាស់ ផ្តល់ការព្យាបាលប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ជូនដល់អ្នកជំងឺគ្រប់រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម