Connect with us

ព័ត៌មានជាតិ

កម្ពុជា និង FBI អាមេរិក ពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ

បានផុស

នៅ

ក្នុងជំនួបនារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជួបពិភាក្សាជាមួយលោក Scott Schelble ឧបការីរងអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយចាត់ទុកការជួបនេះជាឱកាសដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្រោមយន្តការ គ.ប.ឆ.ប. ដែលមានសម្តេចហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន បានបង្ហាញលទ្ធផលជាក់ស្តែង។ រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញវិធានការជំនាញ និងច្បាប់យ៉ាងម៉ឺងម៉ាត់។

តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយដៃគូ​អន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋជន។

លោក Scott Schelble បានថ្លែងកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង Online Scams ឱ្យចេញជាលទ្ធផលជាក់ស្តែង។

លោកបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងស្មុគស្មាញ ដោយបញ្ជាក់ថាកម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកទេ។ លោកក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

លោក Schelble បានបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប.។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធជំហានបន្ទាប់ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម