ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការឆាលហ្វាន ដែលរួមសហការយ៉ាងល្អជាមួយកម្ពុជា
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងប់រំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការឆាលហ្វាន ដែលបានរួមសហការយ៉ាងល្អក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ការគាំទ្រដល់កុមារឱ្យទទួលបានការសិក្សាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូអង្គការឆាលហ្វាន (ChildFund) ដឹកនាំដោយលោក Brayden Howie នាយកប្រតិបត្តិនៃអង្គការឆាលហ្វាន អូស្ត្រាលី និងមន្ត្រីជាន់ខ្ពស់នៃអង្គការឆាលហ្វាន កម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អង្គការឆាលហ្វានចំពោះការជួយគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាបន្តចូលរួមចំណែកលើកកម្ពស់សិទ្ធិកុមារនិងការកែលម្អគុណភាពអប់រំនៅតាមតំបន់ជនបទដាច់ស្រយាល។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការឆាលហ្វាន ដែលបានរួមសហការយ៉ាងល្អក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ការគាំទ្រដល់កុមារឱ្យទទួលបានការសិក្សាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន តាមរយៈគម្រោង “ងាយស្រួលរៀនដំណាក់កាលទី៣” ដែលមានគោលដៅកែលម្អគុណភាពអប់រំបឋមសិក្សានៅតាម បណ្ដាខេត្ត ឆ្ងាយៗ ការពង្រឹងប្រព័ន្ធគាំទ្រគ្រូបង្រៀននិងការគ្រប់គ្រងសាលារៀន ធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់សហគមន៍ក្រីក្រ និងងាយរងគ្រោះ ជាពិសេសជួយគាំទ្រដល់ការអនុវត្តផែនការអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំកុមារតូច ចាប់ផ្តើមពីការរៀបចំគោលនយោបាយជំរុញលើកទឹកចិត្តឱ្យមាតាបិតាអាណាព្យាបាល បញ្ជូន កូនទៅទទួលការអប់រំនៅមត្តេយ្យសិក្សា ដើម្បីរៀបចំពួកគេឱ្យរួចរាល់សម្រាប់បឋមសិក្សាដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅបន្តការសិក្សាដល់កម្រិតខ្ពស់ និងការបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនមត្តេយ្យនិងបឋមសិក្សា។
បន្ថែមពីនេះ អាទិភាពមួយចំនួនរបស់ក្រសួងដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្សមានដូចជា ការបន្តពង្រឹងនិងពង្រីកកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ការកែលម្អវិធីសាស្ត្របង្រៀននិងបរិយាកាសសិក្សា ដើម្បីលើកកម្ពស់លទ្ធផលសិក្សានៃកញ្ចប់អំណាននិងគណិតវិទ្យាថ្នាក់ដំបូង ការបន្តពង្រឹងការអនុវត្តកំណែទម្រង់សាលា កំណែទម្រង់ការបណ្តុះបណ្ដាលគ្រូ និងការជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូទូទាំងប្រទេស។

ចំណែក នាយកប្រតិបត្តិនៃអង្គការឆាលហ្វាន អូស្ត្រាលី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំរបស់អង្គការឆាលហ្វាន និងបានគូសបញ្ជាក់ចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវឌ្ឍនភាពនៃកំណែទម្រង់ប្រព័ន្ធអប់រំ ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ដែរថាកម្មវិធីអប់រំរបស់អង្គការឆាលហ្វាន កម្ពុជា មានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយគុណភាពសម្រាប់កុមារទាំងអស់ ដោយផ្តោតជាពិសេសលើក្រុមងាយរងគ្រោះដូចជាប្រជាពលរដ្ឋក្រីក្រ កុមារ កុមារមានពិការភាព និងជនជាតិដើមភាគតិច។ កម្មវិធីនេះផ្តោតផងដែរទៅលើការកែលម្អគុណភាពនៃការបង្រៀន ការរៀន និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណងបង្កើនគណនេយ្យភាពនិងការអនុវត្តរបស់គ្រូបង្រៀន នាយកសាលា និងមន្ត្រីអប់រំ ការពង្រឹងទំនាក់ទំនងរវាងសាលារៀននិងសហគមន៍មាតាបិតា ការផ្តល់អំណាចដល់សាលារៀននិងសហគមន៍ដើម្បីនាំមកនូវការអភិវឌ្ឍឱ្យមាននិរន្តរភាពនៅថ្នាក់មូលដ្ឋាន ព្រមទាំងមានការលើកទឹកចិត្តដល់សាលារៀនដើម្បីអនុវត្តវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


