Connect with us

ព័ត៌មានជាតិ

មេប៉ូលិសជាតិបញ្ជាកម្លាំងត្រូវតែបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា

បានផុស

នៅ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ដោយបញ្ជាកម្លាំងនគរបាលជាតិត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីកម្ពុជាដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកនូវការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ។ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។ 

បើតាមនាយឧត្តមសេនីយ៍ ស ថេត យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឱ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។ 

លោកនាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងនគរនបាលទាំងអស់ រួមទាំងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធក្នុងប្រតិបត្តិការកន្លងទៅនេះ។ 

គួរជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកម្លាំងជំនាញសរុបប្រមាណ ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ជាង២ពាន់នាក់ ដែលក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតចំនួន២ ៧២២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម