Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជូនពរ លោកកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង ឆាប់ជាសះស្បើយ និងត្រលប់មកបង្កើតស្នាដៃផ្សេងៗ បន្ថែមទៀត ពាក់ព័ន្ធការនិពន្ធបទចម្រៀង

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​ជូនពរ​ លោក​កិត្តិ​ឧទ្ទេស​បណ្ឌិត ហ៊ុន ហេង ឆាប់​បាន​ជា​សះស្បើយ​ឡើងវិញ និង​ត្រលប់​មក​បង្កើត​ស្នាដៃ​ផ្សេងៗ​ បន្ថែមទៀត ​ពាក់ព័ន្ធ​នឹង​ការ​និពន្ធ​បទ​ចម្រៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជូនពរ​បែបនេះ​ក្នុងពេល​អញ្ជើញ​សួរសុខទុក្ខ លោក​កិត្តិ​ឧទ្ទេស​បណ្ឌិត ហ៊ុន ហេង បន្ទាប់ពី​ធូរ​សះស្បើយ​ពី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នៅ​គេហដ្ឋាន ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​នូវការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​កាយឫទ្ធិ​នារី​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជូន​ដល់ លោក​កិត្តិ​ឧទ្ទេស​បណ្ឌិត ហ៊ុន ហេង និង​លោកស្រី ព្រមទាំង​ក្រុមគ្រួសារ ដែលជា​និច្ចកាល​ សម្ដេច និង​លោកជំទាវ តែងតែ​គិតគូរ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាជន និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ គ្រប់​ទីកន្លែង​គ្រប់​ពេលវេលា​។

គួរ​រំលឹក​ផងដែរ​ថា លោក​កិត្តិ​ឧទ្ទេស​បណ្ឌិត ហ៊ុន ហេង ទីប្រឹក្សា​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត គឺជា​កវីនិពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​វប្បធម៌​ជាតិ​ក្នុង​វិស័យ​ដូរ្យតន្ត្រី និង​ចម្រៀង។ លោក​ក៏បាន​និពន្ធ​បទ​ចម្រៀង​ជាច្រើន​បទ​ដែល​ពាក់ព័ន្ធ​នឹង​មនោសញ្ចេតនា ជា​ចង្វាក់​ប្រជាប្រិយ ពាក់ព័ន្ធ​នឹង​បុណ្យចូលឆ្នាំ បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ដែល​នៅ​គ្រប់​បទ​សុទ្ធតែ​បាន​បង្កប់​នូវ​តម្លៃ​នៃ​ការអប់រំ​ខ្ពស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ក៏បាន​និពន្ធ​បទ​ចម្រៀង​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង ការ​អភិវឌ្ឍ ​ក៏ដូចជា​សមិទ្ធផល​ជាច្រើន​ទៀត​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ​ផងដែរ។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​ជូនពរ​ឲ្យ លោក​កិត្តិ​ឧទ្ទេស​បណ្ឌិត ហ៊ុន ហេង ឆាប់​បាន​ជា​សះស្បើយ​ឡើងវិញ និង​ត្រលប់​មក​បង្កើត​ស្នាដៃ​ផ្សេងៗ​ បន្ថែមទៀត ​ពាក់ព័ន្ធ​នឹង​ការ​និពន្ធ​បទ​ចម្រៀង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម