Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា ចុះ MOU ជាមួយសមភាគីតួកគី លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រី

បានផុស

នៅ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នា​ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក ស សុខា នៅតួកគីយ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់នូវកិច្ចសហការស្ថាប័ន និងការគាំទ្រគ្នាទៅវិញទៅមករវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ពិសេសលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគី បានផ្ដល់នូវការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ២ជំនាន់រួចមកហើយឱ្យទៅសិក្សានៅប្រទេសតួកគី។ ជំនាន់ទី១ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

បន្ថែមពីនេះ តួកគី ក៏បានផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់គ្រូនគរបាលជាតិកម្ពុជាទៅសិក្សានៅតួកគី តាមរយៈសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) ដែលជាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់អ្នកប្រើប្រាស់យានអាកាសគ្មានមនុស្សបើកខ្នាតតូចបំផុត និងប្រភេទយានអាកាសគ្មានមនុស្សបើកខ្នាតតូច (ដ្រូន)។

គួរជម្រាបថា ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទៅបំពេញដំណើរទស្សនកិច្ចនៅលើទឹកដីប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធទៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ស សុខា ក៏បានឈ្វេងយល់ និងស្តាប់ការធ្វើបទបង្ហាញពីតំណាងរោងចក្រមួយរបស់តួកគីដែលផលិតសម្ភារប្រើប្រាស់សម្រាប់កងកម្លាំងនគរបាលជាតិផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម