Connect with us

ព័ត៌មានជាតិ

ក្រសួងការងារនឹងបើកវេទិកាការងារ៤កន្លែងបន្ថែមទៀតនៅខេត្តក្រចេះ និងកំពង់ធំ ជាមួយឱកាសការងាររាប់ម៉ឺនកន្លែង

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤-១៥ ខែកុម្ភៈ ចុងសប្តាហ៍នេះចំនួន៤ទីតាំង នៅក្នុងខេត្តក្រចេះ និងកំពង់ធំ ដើម្បីផ្សព្វផ្សាយស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមទៅដល់អតីតពលករមកពីប្រទេសថៃក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈស្អែកនេះ ក្រសួងនឹងរៀបចំវេទិកាចំនួន២ទីតាំងជាបន្តនៅក្នុងបរិវេណសាលាស្រុកស្នួល ស្រុកស្នួល ខេត្តក្រចេះ និងនៅបរិវេណសាលាស្រុកប្រាសាទបល័្លង្ក ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ ចំណែកឯនៅថ្ងៃអាទិត្យ ទី១៥  ខែកុម្ភៈវិញ ក្រសួងនឹងរៀបចំវេទិកានៅក្នុងបរិវេណសាលាស្រុកឆ្លូង ក្នុងស្រុកឆ្លូង ខេត្តក្រចេះ និងនៅបរិវេណសាលាស្រុកស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ បានបន្តយុទ្ធនាការផ្តល់ឱកាសការងារជូនអតីតពលករ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានការងារសមរម្យ លក្ខខណ្ឌល្អ និងអត្ថប្រយោជន៍សង្គមយ៉ាងច្រើនសម្បូរបែបដោយមិនចាំបាច់ឆ្លងដែនដោយប្រថុយប្រថានឡើយ ខណៈដែលការងារក្នុងស្រុកមានច្រើន និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល”។

សូមរលឹកថា ដោយសារតែជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរប្រមាណជាង៩៥ម៉ឺននាក់បានវិលមកស្រុកកំណើតវិញ ក្នុងនោះពលករប្រមាណ៨៥ម៉ឺននាក់ កុមារប្រមាណ៥-៦ម៉ឺននាក់ និងមនុស្សដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងមានចំនួន២៥ម៉ឺននាក់។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃក្រសួងការងារដដែល គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥មក ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវេទិកាចំនួន៥៨៩លើករួចមកហើយដើម្បីផ្សព្វផ្សាយដល់អតីតពលករដែលត្រឡប់ពីប្រទេសថៃនូវឱកាសការងារ ជំនាញនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.) ហើយក្នុងនោះ ពលករប្រមាណជាង៦២ម៉ឺននាក់ទទួលបានឱកាសការងារធ្វើក្នុងស្រុកខណៈដែលតាមរយៈយន្តការក្រសួងមានចំនួនជាង៣១ម៉ឺននាក់។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មីទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម