Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ឈុតឆាកក្នុងពិធីបុកល័ក្ដបង្ហាញពីសាមគ្គីជាតិសាសន៍រវាងខ្មែរ និងឥស្លាម គ្មានចំណុចណាប្រមាថឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅម៉ោង២ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ បានថ្លែងទៅកាន់ជនជាតិខ្មែរ និងខ្មែរឥស្លាមថា ឈុតឆាកនៅក្នុងពិធីបុកល័ក្ដបានបង្ហាញពីសាមគ្គីភាពជាតិ និងសាសនារវាងជនជាតិខ្មែរ និងខ្មែរឥស្លាម ដោយគ្មានចំណុចណាមួយប្រមាថ ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់សាសនាឥស្លាមឡើយ។  ការថ្លែងរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បន្ទាប់ពីបានឃើញវីដេអូអ្នកស្រីខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ ឱ្យអ្នកសិល្បៈ និងអ្នករៀបចំកម្មវិធីមង្គលការ ថែរក្សាពិធីបុកល័ក្ត ឱ្យស្របតាមប្រពៃណីដើមកុំធ្វើសកម្មភាពប៉ះពាល់សាសនារបស់សហគមន៍ និងជាតិសាសន៍នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរគូសបញ្ជាក់ថា ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរមួយដែលរៀបចំឡើង នៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងពិធីបុកល័ក្ត ក្រុមសិល្បៈរបស់លោក ដួង សុខគា បានស្លៀកពាក់ជាជនជាតិចាម្ប៍ និងសម្ដែងកាយវិការមួយចំនួន បណ្ដាលឱ្យមានការរិះគន់ពីសំណាក់ខ្មែរឥស្លាម និងសាធារណជន។ បន្ទាប់ពីកើតមានករណីនេះ លោក ដួង សុខគា បានចេញមកទទួលស្គាល់កំហុស និងបញ្ជាក់ថា ការសម្ដែងក្នុងពិធីបុកល័ក្ដនេះ មិនមានចេតនាណាមួយប្រមាថ ធ្វើឱ្យប៉ះពាល់ដល់ខ្មែរឥស្លាមឡើយ លោក សុំឱ្យពលរដ្ឋខ្មែរឥស្លាមទាំងអស់លើកលែងទោស ដោយសន្យាថាឱ្យមានបញ្ហាបែបនេះកើតមានទៀតឡើយ។

សម្ដេច ហ៊ុន សែន លើកឡើងតាមរយៈបណ្ដាញសង្គម ទាក់ទងនឹងពិធីបុកល័ក្ដដូច្នេះ៖«ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។»។

សម្ដេច ហ៊ុន សែន រម្លឹកទៅកាន់អតីតកាលថា តាំងពីធំដឹងក្តីមកសម្ដេចតែងតែទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀត ក្នុងពេលដែលសម្ដេចធ្វើពិធីរៀបមង្គលការកូនទាំង៥នាក់ តែងតែធ្វើពិធីបុកល័ក្ដដែលមានអ្នកសិល្បៈដើរតួជាជនជាតិចាម្ប៍ចូលរួមសម្ដែងដូចសម័យមុនដែរ។

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ទៅកាន់ពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរឥស្លាមថា សម្ដេចមានវីដេអូពីពិធីបុកល័ក្ដ  ដើម្បីស្វែងយល់ និងអ្វីដែលសម្ដេចឱ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនាដែលប្រទេសកម្ពុជាគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា សម្ដេចត្រូវតែពន្យល់ពីពិធីបុកល័ក្ដនេះទាំងវេលាម៉ោង២ទៀបភ្លឺដូច្នេះ ព្រោះសម្ដេច«មិនចង់បិទក្រោលសេះ នៅពេលសេះចេញផុតពីក្រោល»។

ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ។ ពិធីនេះរៀបចំក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម