ព័ត៌មានជាតិ
ពិធីបុកល័ក្ដសម្ដែងប៉ះពាល់តម្លៃសាសនាឥស្លាម៖ ក្រសួងវប្បធម៌ឱ្យអ្នកសិល្បៈ អនុវត្តតាមពិធីដើមនៃមង្គលការ កុំប្រាសចាក និងកុំប្រើសម្ដីប៉ះពាល់ប្រពៃណី និងសាសនា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី ត្រូវព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។

ការអំពាវនាវបែបនេះ បន្ទាប់ពីក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរមួយដែលរៀបចំឡើង នៅថ្ងៃទី២១ ខែកុម្ភៈក្នុងពិធីបុកល័ក្ត ក្រុមសិល្បៈរបស់លោក ដួង សុខគា បានស្លៀកពាក់ ប្រព្រឹត្តកាយវិការប៉ះពាល់ដល់សាសនាឥស្លាម បណ្ដាលឱ្យមានការរិះគន់ពីសំណាក់ខ្មែរឥស្លាម និងសាធារណជន។ បន្ទាប់ពីកើតមានករណីនេះ លោក ដួង សុខគា បានចេញមកទទួលស្គាល់កំហុស និងបញ្ជាក់ថា ការសម្ដែងក្នុងពិធីបុកល័ក្ដនេះ មិនមានចេតនាណាមួយប្រមាថ ធ្វើឱ្យប៉ះពាល់ដល់ខ្មែរឥស្លាមឡើយ លោក សុំឱ្យពលរដ្ឋខ្មែរឥស្លាមទាំងអស់លើកលែងទោស ដោយសន្យាថាឱ្យមានបញ្ហាបែបនេះកើតមានទៀតឡើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ក្នុងសេចក្ដីអំពាវនាវាថា ក្រសួងបានសង្កេតឃើញថាមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។
ក្រសួងវប្បធម៌ ពន្យល់ជារួមថា ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ»ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។
បើតាមក្រសួងវប្បធម៌ តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កត់ធ្ងន់ថា៖«ទោះជាពិធីនេះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។»។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដាក់ក្ដីសង្ឃឹមថាការចូលរួមគោរព និងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារ នឹងធ្វើឱ្យ វប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿង និងគង់វង្ស៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


