Connect with us

ព័ត៌មានជាតិ

ពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ច ប្ដេជ្ញា​ខិត​ខំបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិត

បានផុស

នៅ

លោក ញឹក នីវ៉ូ ពលរដ្ឋ​រស់នៅភូមិស្រែត្រែង នៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងជាសម្បទានិកមួយរូបបានរៀបរាប់ថា លោកសប្បាយចិត្តជា​ខ្លាំងព្រោះធ្លាប់អត់ ដល់ពេលឥលូវដីធ្វើផ្ទះក៏​មាន​ដីកសិកម្មក៏បាន សម្រាប់ប្រើប្រាស់​ចិញ្ចឹមជីវិតទៅមុខទៀត។

ពលរដ្ឋ​រូបនេះ​ប្រាប់​ថា ការទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក៏ដូចជាសម្ភារៈលំនៅដ្ឋាន និងសម្ភារៈកសិកម្មនាពេលនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់លោកដែលជាពលរដ្ឋ​ក្រខ្សត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានដីទាំងលំនៅដ្ឋាន និងកសិកម្ម រួម​ទាំងសម្ភារៈលំនៅដ្ឋាន និងសម្ភារៈកសិកម្មហើយនោះ លោក ញឹក នីវ៉ូ ប្តេជ្ញា​នឹងខិតខំបង្កបង្កើនផលដាំដំណាំដែលត្រូវតម្រូវការទីផ្សារ ដូចជា ដីស្រែ គឺធ្វើស្រែ ហើយដីចម្ការត្រូវរកដំណាំអី ដែលដាំដុះទទួលបានផលមកវិញ ហើយ​នឹង​បន្ត​ខិតខំថែរក្សាដីនេះឲ្យបានគង់វង្សយូរអង្វែងតទៅមុខ ដើម្បីទុកចែកកូនចៅជំនាន់ក្រោយ។

អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលជាមុខសញ្ញាទទួលបានដីសម្បទាន សង្គមកិច្ចពីរាជរដ្ឋាភិបាល តាមរយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃគម្រោងបែងចែកដីដើម្បីសង្គម​កិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ហៅកាត់ថា LASED III និងអាជ្ញាធរខេត្តក្រចេះ មានចំនួន ៣២០ គ្រួសារ ស្ថិតនៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ដើម្បីពន្លឿន និងដោះស្រាយការលំបាករបស់ពលរដ្ឋចំនួន ៣២០ គ្រួសារ ដែលលទទួលបានដីសម្បទានសង្គមកិច្ចទាំងដីលំនៅដ្ឋាន និងដីកសិកម្ម ក្នុងការចូលទៅតាំងទីលំនៅថ្មី និងបង្កបង្កើនផលដំណាំកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តក្រចេះ បានផ្ដល់នៅសម្ភារៈមួយចំនួនទាំងសម្ភារៈលំនៅដ្ឋាន និងសម្ភារៈកសិកម្មបន្ថែមទៀតកាលពី​ថ្ងៃទី២៣ ខែកុម្ភ ឆ្នាំ២០២៦។
សម្ភារៈទាំងនោះ រួមមាន ៖ សម្ភារៈគ្រឿងបង្គំផ្ទះ សរុបចំនួន ២៤១ គ្រួសារ ផ្ដល់អង្ករពលកម្ម ជូនគ្រួសារសម្បទានិកសរុបចំនួន ៣២០គ្រួសារ ដោយក្នុងនោះ បានផ្តល់នូវសម្ភារកសិកម្ម គ្រាប់ពូជបន្លែ ដំណាំគម្របដី និងកូនឈើហូបផ្លែផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម