Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិ​ក​​រក​មធ្យោបាយរំដោះ​ខ្លួន ក្រោយ​អ៊ីរ៉ង់​រកឃើញ​​​​​​​​មេដឹកនាំ​កំពូល​​​​​កើត​ចេញពីការឈឺចាប់​

បានផុស

នៅ

​​​​​ជា​រឿង​មិន​នឹកស្មានដល់​ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ភ្លាម​ៗ​អំពី​​​​លទ្ធភាពនៃ​ការ​បញ្ចប់​ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់​ក្នុងរយៈពេលដ៏ខ្លី​​ខាងមុខ​នេះ​​ បន្ទាប់​ពី​ប្រទេសអ៊ីរ៉ង់​បាន​ប្រកាស​​ជ្រើស​រើស​មេដឹកនាំ​កំពូល​​ថ្មី គឺ​លោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) ​ដែល​ជា​កូន​ប្រុស​​ទី​​២​របស់ លោក Ayatollah Ali Khamenei ដែលត្រូវ​​​ធ្វើ​ឃាត​ក្នុងការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​កាលថ្ងៃទី​១​មីនា​២០២៦​​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មេដឹកនាំ​​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ​​កាន់អំណាច​កំពូល​និង​​​​​ផ្តាច់​មុខ​ក្នុង​ប្រទេសអ៊ីរ៉ង់​អស់រយៈពេល​៣៦​ឆ្នាំ​ចាប់តាំពី​ឆ្នាំ​១៩៨៩ បាន​​ទទួលរង​នូវ​សោក​​នាដកម្ម​​ក្នុងជីវិត​ចុងក្រោយ ក្នុង​វ័យ៨៦​ឆ្នាំ​ ​ដោយសារតែ​កា​រវាយ​ប្រហារ​តាមផ្លូវ​អាកាស​​​​​ក្នុង​ប្រតិបត្តិការយោធា​​​​រួម​គ្នា របស់​សហរដ្ឋអាមេរិក​​និង​អ៊ីស្រាអែល​ចាប់​តាំងពីថ្ងៃទី​​២៨ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដោយ​ចោទ​ប្រកាន់​ថា ​អ៊ីរ៉ង់​​មាន​កម្មវិធី​នុយក្លេអ៊ែរ និង​មានរោងចក្រ​ចម្រាញ់​​ធាតុអ៊ុយរ៉ានី​ញ៉ូម​សម្រាប់​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និងកា​រចោទ​ប្រកាន់ថា អ៊ីរ៉ង់​បាន​អភិវឌ្ឍ​​​កម្មវិធី​មីស៊ីល​រយៈចម្ងាយឆ្ងាយ​​ដ៏គ្រោះថ្នាក់​សន្តិសុខ​​អ៊ីស្រាអែល​និង​អាមេរិក​។

​​បើ​ទោះបី​ជា​ ​ភាគីសហរដ្ឋ​អាមេរិកនិង​អីរ៉ង់​​​កំពុង​ស្ថិតក្នុងតំណាក់កាល​នៃ​​ការ​ចរចា​​​ក្នុង​កម្មវិធី​​នុយក្លេអ៊ែរ ​​​ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​រីកចម្រើន​ ការ​សម្រេច​ចិត្ត​វាយប្រហារ​​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​និង ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេចានមីន នីតាន់ញ៉ាហ៊ូ បាន​ធ្វើ​ឲ្យ​​មេដឹកនាំ​​ពិភព​​​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​។

​​កាន់តែ​រន្ធត់​បំផុត ប្រតិបត្តិការយោធា​​របស់​ពួកគេ​ ត្រូវបាន​អះអាង​ថា បាន​សម្លាប់មេដឹកនាំ​​កំពូល​របស់​អឺរ៉ង់ និង ថ្នាក់​ដឹកនាំ​​​​កំពូលៗ​របស់​យោធា​​អ៊ីរ៉ង់​ជា​ច្រើន​រូប​​​ ហើយ​​ជា​​បន្ទបន្ទាប់ លោក ដូណាល់ ត្រាំ បាន​​អះអាង​ពី​ភាព​ជោគជ័យ​​ក្នុង​ប្រតិបត្តិការ​យោធា​​​​​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុងការ​បំផ្លាញ​មូលដ្ឋាន​​​​ផលិត​នុយក្លេអ៊ែរ និង ការ​បំផ្លាញ​​​​​សមត្ថភាព​យោធា​អឺរ៉ង់​ទាំងស្រុង​​​ រួម​ទាំង​​​កងទ័ព​អាកាស​ និង​កងទ័ព​ជើងទឹក ហើយ ​សូម្បី​តែ​ការ​អះអាង​អំពីការដូររបប​នៅប្រទេស​​អ៊ីរ៉ង់​ទៀត​ផង​។

​​ប៉ុន្តែ​​​ ការ​ប្រកាស​របស់​អឺរ៉ង់​ដែលជ្រើស​រើស​បាន​មេដឹកនាំ​​កំពូលថ្មី គឺ​ លោក ម៉ូជតាបា ខាមេនី ដែល​ជាកូន​ប្រុស​​របស់​​មេដឹកនាំ​ដែលអាមេរិក​សម្លាប់ទៀតនោះ បាន​ធ្វើឲ្យ​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ប្តូរគោលជំហរ​យ៉ាងឆាប់រហ័ស​ក្នុងការ​បញ្ចប់​​ការ​ប្រយុទ្ធ​នេះ​ឲ្យបាន​កាន់តែឆាប់ ខណៈ​ពេលដែលភាគី​អ៊ឺរ៉ង់​​បាន​​អះអាងម្តងហើយម្តងទៀត​ថា ពួកគេ​រង់ចាំស្វាគមន៍​​យោធាអាមេរិក​និងអ៊ីស្រាអែល​ចូលវាយ​ប្រហារ​ដល់​អឺរ៉ង់​ ដើម្បី​ប្តូររបបនោះ។

​ការ​ប្រកាស​របស់​ លោក ត្រាំ ​ក៏​កើត​ចំពេល​នៃ​វិបត្តិថាម​​ពល​ជាសកល​​ដែលធ្វើឲ្យ​​តម្លៃ​ប្រេង​ឥន្ធនៈហក់​ឡើង​​យ៉ាងគំហុក​ដល់​ទៅ​ជាង​​២៥%​ក្នុងរយៈពេល​ប្រហែល​១សប្តាហ៍​ប៉ុណ្ណោះ។ ​ក្រោយ​ការ​ប្រកាស​​របស់​លោក ត្រាំ អំពីការ​បញ្ចប់សង្គ្រាម​​នៅអឺរ៉ង់​ក្នុងពេលដ៏ខ្លីខាងមុខនោះ ក៏បានទាញ​ទម្លាក់​តម្លៃ​ប្រេង​ឲ្យត្រឡប់មកជិតតម្លៃ​ដើម​មុនការវាយប្រហារ​បានកើត​ឡើង។

​ទាំងអ៊ីរ៉ង់​​និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​សុទ្ធសឹងតែ​ប្រើប្រាស់​វិស័យ​ថាមពល​​ជា​អាវុធ​​របស់​ពួកគេ ក្នុងការ​ប្រឆាំង​មហាអំណាច​​​​​​លោកខាងលិច។ ​​ក្នុងដំណាក់​កាល​នៃ​សង្គ្រាម​នេះ អ៊ឺរ៉ង់​បាន​ប្រកាស​បិទ​ច្រក​ ហ័រមូស (Hormuz) ដែលដឹក​ប្រេង​ចេញពី​តំបន់មជ្ឈិមបូព៌ា ចំណែក​ឯរុស្ស៊ី​​វិញ​ គំរាម​បិទ​ខ្ទប់នាំចេញ​ទាំងស្រុង​​ទៅកាន់អឺរ៉ុប​ ដែលធ្វើឲ្យ​​តម្លៃ​​ហក់​ឡើង​មួយរំពេច។ មិនតែ​ប៉ុណ្ណោះ អឺរ៉ង់​ក៏បាន​វាយប្រហារ​​​ទៅកាន់​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុងប្រទេសនានា​នៅតំបន់ឈូងសមុទ្រ ដោយប្រើប្រាស់​ដ្រូនដែលធ្វើឲ្យ​ទំហំនៃការ​ខូចខាត​មានច្រើន។

​​យោង​តាម AFP ជាសញ្ញា​មិនចុះ​ញ៉ម​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអេល​ ក្រោមការដឹកនាំរបស់មេដឹកនាំថ្មី លោក ម៉ូជតាបា ខាមេនី ​អ៊ីរ៉ង់​បានបាញ់មីស៊ីលថ្មីជាច្រើនគ្រាប់ទៅលើប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន និងបានបង្ហាញសញ្ញាថា ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ទំនងជានៅតែបិទ។​

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋផ្លរីដាថា «វានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើវាចាប់ផ្តើមឡើងវិញ ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំង» បន្ទាប់ពីបានប្រាប់អ្នកតាក់តែងច្បាប់ថា យុទ្ធនាការ​វាយប្រហារ​នេះនឹងក្លាយជា «ដំណើរកម្សាន្តរយៈពេលខ្លី»​៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម