Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ថា ខ្លួនមិនអាចបញ្ឈប់អាមេរិក ពីការដាក់ពង្រាយអាវុធទៅកាន់មជ្ឈិមបូព៌ានោះទេ

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បាននិយាយនាថ្ងៃអង្គារទី១០មីនាថា លោកមិនអាចបញ្ឈប់ទីក្រុងវ៉ាស៊ីនតោនពីការដាក់ពង្រាយអាវុធមួយចំនួនដែលឈរជើងនៅក្នុងប្រទេសបានទេ បន្ទាប់ពីមានរបាយការណ៍ថា ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅកាន់ជម្លោះនៅមជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិកនៅឯមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ Reuters/Kim Hong-ji)

យោងតាម CNN លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ដោយសារតែមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះ អំពីកងកម្លាំងអាមេរិកនៅកូរ៉េបានដឹកជញ្ជូនអាវុធមួយចំនួន ដូចជាកាំភ្លើងធំ និងអាវុធការពារដែនអាកាសចេញពីប្រទេសកូរ៉េ ទីក្រុងសេអ៊ូលបានសម្តែងការជំទាស់ខ្លាំងៗថា ខ្លួនមិនស្ថិតក្នុងជំហរដើម្បីធ្វើការទាមទារនោះទេ ពោលគឺអាមេរិកមិនស្ដាប់កូរ៉េខាងត្បូង រឿងហាមដាក់ពង្រាយអាវុធទៅកាន់មជ្ឈិមបូព៌ាឡើយ។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះថែមទាំងអះអាងទៀតថា ការដកអាវុធមួយចំនួនរបស់អាមេរិកចេញពីប្រទេស មិនរារាំងយុទ្ធសាស្ត្រទប់ស្កាត់ចំពោះកូរ៉េខាងជើងទេ ដោយលោកកត់សម្គាល់ថា ការចំណាយលើការការពារជាតិ និងសមត្ថភាពធម្មតារបស់កូរ៉េខាងត្បូង លើសពីកូរ៉េខាងជើងឆ្ងាយណាស់។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Cho Hyun បានមានប្រសាសន៍កាលពីថ្ងៃទី៦មីនាថា យោធាអាមេរិក និងកូរ៉េខាងត្បូងកំពុងពិភាក្សាអំពីលទ្ធភាពនៃការដាក់ពង្រាយឡើងវិញនៃប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិកមួយចំនួនដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ដើម្បីប្រើប្រាស់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា អាគុយមីស៊ីលមួយចំនួនត្រូវបានដឹកជញ្ជូនចេញពីមូលដ្ឋានទ័ពអាកាស Osan ហើយទំនងជាត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ទោះបីជាអាជ្ញាធរកូរ៉េខាងត្បូងមិនទាន់បានបញ្ជាក់ពីរបាយការណ៍ទាំងនេះក៏ដោយ។

គួរបញ្ចាក់ថា កូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនៃវត្តមានយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ជាមួយនឹង​កងទ័ព​ប្រហែល ២៨,៥០០នាក់ និង​ប្រព័ន្ធ​ការពារ​ពី​ដី​ទៅ​អាកាស រួមទាំង​ប្រព័ន្ធ​ស្ទាក់ចាប់​មីស៊ីល Patriot៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម