ព័ត៌មានអន្ដរជាតិ
ត្រាំ លុបចោលគម្រោងចរចាភ្លាមៗ ហើយប្រាប់ថា «ចង់និយាយគ្នា ទូរសព្ទមកខ្ញុំមក!»
រឿងរ៉ាវជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែមានភាពតានតឹង និងស្មុគស្មាញខ្លាំងឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចរចារឿងសង្គ្រាមកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ការសម្រេចចិត្តនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលដែលប្រតិភូរបស់ខាងអ៊ីរ៉ង់ ទើបតែបានចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

តាមការផ្សាយរបស់ BBC នាថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកមិនចង់ឲ្យប្រេសិតពិសេស និងកូនប្រសារបស់លោក គឺលោក Jared Kushner ទៅខាតពេលវេលាឥតប្រយោជន៍នោះទេ ដោយលោកបានបោះសម្តីថា បើអ៊ីរ៉ង់ពិតជាចង់ចរចាមែន អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេច។
មុនពេលមានការលុបចោលនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Aragchi បានធ្វើដំណើរទៅជួបជាមួយភាគីប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល ដើម្បីបង្ហាញពីជំហររបស់អ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាម។ យ៉ាងណាមិញ លោកបានបង្ហាញការមន្ទិលសង្ស័យថា លោកមិនទាន់ប្រាកដចិត្តទេថា តើអាមេរិកពិតជាមានឆន្ទៈចង់ដោះស្រាយតាមផ្លូវការទូតមែន ឬយ៉ាងណា។ បើទោះបីជាលោក ត្រាំ បានយល់ព្រមពន្យារពេលបទឈប់បាញ់ឲ្យហួសពីថ្ងៃទី២២ ខែមេសា ដើម្បីទុកឱកាសឲ្យមានការពិភាក្សាក៏ដោយ ក៏កិច្ចប្រឹងប្រែងទាំងនេះហាក់បីដូចជាកំពុងដើរដល់ផ្លូវទាល់។
ចំណុចក្ដៅនៃជម្លោះនេះ គឺស្ថិតនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារកាលពីខែកុម្ភៈ អ៊ីរ៉ង់បានឆ្លើយតបដោយការរឹតបន្តឹងការធ្វើដំណើរតាមច្រកសមុទ្រនេះ ដែលនាំឲ្យអាមេរិកបង្កើនកម្លាំងជើងទឹកនៅទីនោះ ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់វិញ។ ភាពទាល់ច្រកនេះក៏ជាប់ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដែលអាមេរិកសង្ស័យថា អ៊ីរ៉ង់កំពុងលួចផលិតគ្រាប់បែកអាតូមិក ប៉ុន្តែអ៊ីរ៉ង់តែងតែបដិសេធ និងអះអាងថា ពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីប៉ុណ្ណោះ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយបែបឌឺដងថា អាមេរិកគឺជាអ្នកកាន់សន្លឹកបៀរលើសគេ ចំណែកអ៊ីរ៉ង់វិញគ្មានសល់អ្វីក្នុងដៃឡើយ។ លោកថែមទាំងបានលើកឡើងទៀតថា ថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងតែមានភាពច្របូកច្របល់ និងឈ្លោះប្រកែកគ្នាឯង រហូតមិនដឹងថាអ្នកណាជាអ្នកបញ្ជាពិតប្រាកដទៀតផង។ នៅពេលសួរថាតើការលុបចោលការចរចានេះ មានន័យថា សង្គ្រាមនឹងផ្ទុះឡើងវិញឬទេ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា វាមិនទាន់ដល់ថ្នាក់ហ្នឹងទេ ហើយលោកក៏មិនទាន់បានគិតដល់រឿងហ្នឹងដែរ។
ទន្ទឹមនឹងភាពតានតឹងនេះ ស្ថានភាពនៅតំបន់ក្បែរខាងក៏មិនទាន់ស្ងប់ស្ងាត់ដែរ ដោយមានការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់។ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តបាញ់តបតគ្នា និងចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀង។ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានចេញបញ្ជាឲ្យកងទ័ពរបស់លោកវាយប្រហារលើគោលដៅក្រុមហេសបូឡាឲ្យបានខ្លាំងក្លាបំផុតផងដែរ ដែលធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភបំផុត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


