Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់គុណធម៌ និងសេចក្តីថ្លៃថ្នូរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដែលផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំឱ្យគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវបន្តពង្រឹងគុណភាពឱ្យកាន់តែប្រសើរឡើង ទាំងសេវារដ្ឋ និងឯកជន ពង្រឹងសមត្ថភាពនៃការសង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជន បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធ៌ និង ប.ស.ស. ប្រកបដោយសមធម៌។ ចំណែកគ្រប់មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងជំរុញការងារដោយការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនការសហការឱ្យកាន់តែជិតស្និទ្ធ។
លើសពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវមានទម្លាប់រិះគិតពិចារណាព្រោះវានាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា។ លើសពីនោះវាក៏នាំឱ្យយើងក្លាយជាអ្នកដឹកនាំដែលមើលឃើញលើសពីការដែលយើងទម្លាប់មើលមិនឃើញកន្លងមកផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម