Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺឆ្លង និងបញ្ហាសុខភាពផ្សេងៗ ក្នុងពេលចូលឆ្នាំ

បានផុស

នៅ

ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រសួងបានណែនាំពីវិធានបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និងពុលស្រា ដោយត្រូវរក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ក្រោយចេញពីបង្គន់ ក្រោយប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងសម្ភារៈចម្អិនអាហារ។ ត្រូវពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយ សុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់។

ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាក ដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់អាចឈាន ដល់មរណភាពជាយថាហេតុ។ ត្រូវទុកដាក់អាហារឆៅ និងអាហារឆ្អិនឱ្យដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិន អាហារឱ្យបានត្រឹមត្រូវ និងចម្អិនអាហារឱ្យឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុតនិងអាហារ សមុទ្រ។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលទិញម្ហូបអាហារឆ្អិនស្រាប់តាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ សុវត្ថិភាព និងវេចខ្ចប់បានល្អត្រឹមត្រូវ។

ត្រូវរក្សាទុកចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព អាហារត្រជាក់ត្រូវរក្សាទុកក្រោម៥អង្សាសេ និងអាហារក្ដៅលើសពី ៦០អង្សាសេ ហើយចៀសវាងទុកអាហារសេសសល់នៅសីតុណ្ហភាពធម្មតាយូរម៉ោង ដើម្បីបង្ការការផ្អែម ដែលអាចបណ្ដាលឱ្យ រាក ឈឺពោះ ឬក្អួត។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ មិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។ ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុវត្ថិភាពល្អ និងមិនប្រើប្រាស់ ចំណីអាហារហួសកាលកំណត់ប្រើប្រាស់ ឬខូចគុណភាព។ មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំពីវិធានការបង្ការជំងឺឆ្លងផ្សេងទៀត និងសុវត្ថិភាពក្នុងពេលចូលឆាំ្ន ដូចជា នៅពេលក្អកកណ្ដាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ កន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬ បន្ទោបង់ពាសវាលពាសកាល។ ពិសាទឹកឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ ចំពោះមនុស្សពេញវ័យ។ ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដក ដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅ មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទាក់ទងលេខទូរសព្ទ១១៥។

សម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែងឱ្យបានជិត ការពារមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត អនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង សម្លៀកបំពាក់ទាំងនៅក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម