Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-សិង្ហបុរី បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដើម្បីរួមចំណែកដល់សន្តិភាពតំបន់

បានផុស

នៅ

ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។ ការបង្ហាញពីការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាថ្ងៃទី១១ ខែមីនា នេះ ក្នុងពេលរដ្ឋមន្ត្រីការបរទេសកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហ​បុរីតាមការអញ្ជើញរបស់សមភាគី។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសនៃកម្ពុជា ​ឱ្យដឹងថា ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្សណាន់ បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។

ក្រសួងការបរទេស អះអាងថា ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសិង្ហបុរី បញ្ចប់ទៅដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។

គួររម្លឹកថា ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ នេះ កាលពីចុងខែមករា ឆ្នាំ២០២៦ នៅក្រៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន, លោក វីវៀន បាឡាគ្រីស្សណាន់  ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ បាន​​​​ជំរុញ​​​ជាចំហ​ឱ្យ​ថៃ​​​ដោះស្រាយ​​​​​​​ភាព​តាន​តឹង​​​​​​ជាមួយ​កម្ពុជា​ ដោយ​សន្តិវិធី​​។

គួរឱ្យដឹងថា កម្ពុជា សិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៦៥ ដែលចូលមកដល់ឆ្នាំ២០២៦ នេះ ចំណងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ៦១ឆ្នាំហើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម