Connect with us

ព័ត៌មានជាតិ

ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៨០%

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ទីស្នាក់ការសមាគមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការសាងសង់ទីស្នាក់ការសមាគមខេត្តព្រះសីហនុ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និវត្តជនកម្ពុជា។ គិតមកទល់ពេលនេះ ការសាងសង់ទីស្នាក់ការសមាគមខេត្តព្រះសីហនុ សម្រេចលទ្ធភាពប្រមាណជាង ៨០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់នា ខែឧសភា ខាងមុខ ខណៈនៅតាមបណ្តា រាជធានី-ខេត្ត នៅទូទាំងប្រទេសមានទីស្នាក់សមាគមចំនួន ១៦ បានសាងសង់រួចរាល់។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការសាងសង់ទីស្នាក់ការសមាគម ធ្វើឡើងក្នុងគោលបំណងជួយសម្រួល និងបម្រើរាល់តម្រូវការការងារជូនថ្នាក់ដឹកនាំ និងសមាជិករបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តា រាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម