Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ឌឺលោកត្រាំ ឲ្យបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រ Hormuz បើហ៊ាន

បានផុស

នៅ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខមកបញ្ឆេះកំហឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបោះសម្តីឌឺដង​ឲ្យ​សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។

លោក Ali Mohammad Naini (រូបថត៖ Mizan)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់ VN Express នា​ថ្ងៃទី​១៦​ខែ​មីនា​ឆ្នាំ​២០២៦ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Ali Mohammad Naini បានថ្លែងបែបចំអកថា «តើលោកប្រធានាធិបតី ត្រាំ មិនមែនធ្លាប់និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានកម្ទេចអស់ហើយទេអី? បើវាជាការពិតមែននោះ សាកឲ្យលោកបញ្ជូននាវាចម្បាំងចូលមកក្នុងឈូងសមុទ្រពែរ្សមើល៍ បើលោកឯងហ៊ាន!»។

ការបោះសម្តីដ៏ក្លាហាននេះ កើតឡើងស្របពេលដែលស្ថានភាពនៅច្រកសមុទ្រ Hormuz កំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំង។ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការសងសឹកប្រឆាំងនឹងប្រតិបត្តិការរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ចរាចរណ៍នាវាដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០%។

ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានពណ៌នាថា ស្ថានភាពសន្តិសុខនៅទីនោះកំពុងស្ថិតក្នុងកម្រិតអាសន្ន ដោយសារមាននាវាយ៉ាង​ហោច​ណាស់ ២០គ្រឿងហើយ ត្រូវបានគេវាយប្រហារចាប់តាំងពីជម្លោះផ្ទុះឡើង។ ក្នុងស្ថានភាពដ៏ពិបាកនេះ លោកត្រាំ បានព្យាយាមកៀងគរជំនួយអន្តរជាតិ ជាពិសេសនាវាបោសសម្អាតមីន ហើយលោកថែមទាំងបានព្រមានទៀតថា បើសម្ព័ន្ធមិត្តមិនព្រមសហការទេ វាអាចនឹងប៉ះពាល់ដល់អនាគតនៃអង្គការ​ណាតូ​ទៀតផង។

ទោះជាអាមេរិកខំប្រឹងកៀងគរបក្សពួកយ៉ាងណាក៏ដោយ ក៏ទីក្រុងតេហេរ៉ង់នៅតែបន្តបដិសេធ​​ចរចាបទឈប់បាញ់ជាមួយវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់សុខចិត្តចរចាលើ «ការធ្វើដំណើរដោយសុវត្ថិភាព» តែជាមួយប្រទេសណាដែលចង់ចរចាដាច់ដោយឡែកពីអាមេរិកប៉ុណ្ណោះ ដើម្បីអាចឆ្លងកាត់តំបន់ដែលកំពុងមានការបិទខ្ទប់នេះបាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម