Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ជួបរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ដោយជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា

បានផុស

នៅ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ដោយភាគីទាំងពីរបានផ្ដោតលើការជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនៅឯ​ទីក្រុងកង់បេរ៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា និងអូស្ត្រាលី ដោយលោកបានអរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធាកម្ពុជា។

បើតាមខ្លឹមសារលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះ ប្រមុខការទូត ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំរបស់កម្ពុជា សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលីលើវិស័យដែលសក្តានុពលនានា រួមទាំងលើវិស័យយោធា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរួមរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯការវិវត្តថ្មីៗ ជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ។ ប៉ុន្តែខ្លឹមសារលម្អិតយ៉ាងណានោះ មិនទាន់ត្រូវបានទម្លាយឱ្យដឹងនោះឡើយ។

គួរឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅអូស្រ្តាលី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានចូលជួបប្រធាន​រដ្ឋសភា​អូស្ត្រាលី លោក Milton Dick និងជំនួបទ្វេភាគីជាមួយនឹងសមភាគីរបស់លោក គឺលោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីផងដែរ។

ជំនួបទាំងនោះ គឺបានផ្ដោតលើការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពសម្រាប់ក្នុងតំបន់ និងសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម