Connect with us

ព័ត៌មានអន្ដរជាតិ

តើពិតទេ​ដែលថា​ មេដឹកនាំអ៊ីរ៉ង់ លោក មុជតាបា ត្រូវ​ដឹកទៅ​ព្យាបាលនៅរុស្ស៊ី?​​

បានផុស

នៅ

ជាងមួយសប្តាហ៍ បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំ​កំពូល​ថ្មី​​របស់​អ៊ីរ៉ង់ លោក មុជតាបា ខាមមេនៃ​ (Mojtaba Khamenei) មិនបានបង្ហាញខ្លួនជាសាធារណៈ​ម្តងណាឡើយ​ ដែលជំរុញឲ្យមានការ​​ផ្សព្វផ្សាយ​​​ក្នុងលក្ខខណ្ឌ​​សង្ស័យ​និង​កា​រជជែក​​ដេញដោល​លើ​​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង​​​​អំពីស្ថានភាពរបស់គាត់ ខណៈដែលរបាយការណ៍ខ្លះ​បាន​លើកឡើងថា មេដឹកនាំ​អ៊ីរ៉ង់​ថ្មីនេះ​ បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់ ដោយបញ្ជូនទៅប្រទេសរុស្ស៊ី និងទទួលការវះកាត់ជាបន្ទាន់​ទៀត​ផង​​។

ជាមេដឹកនាំថ្មីអ៊ីរ៉ង់ លោក Mojtaba Khamenei(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតគុយវ៉ែត Al-Jarid បានដកស្រង់ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ដែល​អះអាងថា ដោយសារហេតុផលសុខភាព និងសុវត្ថិភាព លោក មុជតាបា ត្រូវបានផ្ទេរដោយសម្ងាត់ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី​តាំង​ពីថ្ងៃទី១២មីនា ពោល​គឺ​ក្រោយ​ពេល​​ជ្រើសរើស​ជាមេដឹកនាំ​ប៉ុន្មានថ្ងៃ​​។ ទៅ​ទីកុ្រង​មូស្គូ មេដឹកនាំ​​អ៊ីរ៉ង់​ថ្មីនេះ​​ទទួលការវះកាត់ដោយជោគជ័យ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងលំនៅដ្ឋានប្រធានាធិបតីនៅទីក្រុងមូស្គូ។

កាសែតដដែលនេះ បានអះអាងទៀតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដោយផ្ទាល់ ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ក្រោយមកនៅល្ងាចនោះ លោក មុជតាបា ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធារុស្ស៊ីមួយគ្រឿងជាមួយបុគ្គលិកពេទ្យ។

ការអះអាងទាំងនេះ ស្របនឹងរបាយការណ៍ដែលមានមូលដ្ឋានលើប្រភពពីមុនពីការបោះពុម្ពផ្សាយផ្សេងៗដែលបានបង្ហាញថា លោក មុជតាបា បានរងរបួសធ្ងន់ធ្ងរដល់ជើងរបស់គាត់។ សូម្បីតែប្រភពពី The Sun របស់​អង់គ្លេស និង CNN​ របស់​សហរដ្ឋអាមេរិក​ ក៏បានចេញផ្សាយដែរថា លោកបានរងរបួសក្រពះ ឬថ្លើមធ្ងន់ធ្ងរ រួមទាំងបាក់ជើង ស្នាមជាំជុំវិញភ្នែកខាងឆ្វេង និងស្នាមរបួសតូចៗនៅលើមុខ។

មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាមេរិកបានអះអាងម្តងហើយម្តងទៀតថា លោកបានរងរបួសក្នុងអំឡុងពេលវាយប្រហារដំបូងដែលបានសម្លាប់ឪពុក និងសមាជិកគ្រួសារជាច្រើនរបស់លោក។ ប៉ុន្តែភាគីអ៊ីរ៉ង់ នៅតែបន្តអះអាងជាដដែលៗថា «មេដឹកនាំថ្មី មិនមានបញ្ហាឬរបួសអ្វីទាំងអស់»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម