ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមកម្ទេចរោងចក្រហ្គាសដ៏ធំមួយនៅមជ្ឈិមបូព៌ា រុញតម្លៃប្រេងនិងឧស្ម័ន ឲ្យរឹតឡើងថ្លៃ
ក្នុងខណៈពេលដែលសង្គ្រាមមជ្ឈិមបូព៌ា កំពុងធ្វើឲ្យពិភពលោកឈឺក្បាលព្រោះតែតម្លៃទំនិញនិងប្រេង ហក់ឡើងស្រឺតៗនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនព្រមរិះរកវិធីដោះស្រាយឬបន្ថយដៃទេ តែបែរជារឹតតែបង្កើនការវាយសន្ធាប់ ហើយដល់ថ្នាក់ឥឡូវ ថែមទាំងគំរាមបំផ្ទុះរោងចក្រហ្គាសដ៏ធំមួយនៅមជ្ឈិមបូព៌ាទៀត ដែលពាក្យសម្តីនេះ រុញតម្លៃឧស្ម័នធម្មជាតិឲ្យកាន់តែខ្ពស់។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ លោក ត្រាំ សរសេរថា៖ «អ៊ីរ៉ង់បានវាយប្រហារលើផ្នែកខ្លះនៃរោងចក្រឧស្ម័ន LNG របស់កាតា ដោយអយុត្តិធម៌និងមិនត្រឹមត្រូវទាល់តែសោះ។ អ៊ីស្រាអែលនឹងមិនវាយប្រហារទៀតទេ លើវាលឧស្ម័ន South Pars ដ៏មានតម្លៃនិងសារៈសំខាន់បំផុតរបស់ទីក្រុងតេហេរ៉ង់ លុះត្រាតែអ៊ីរ៉ង់សម្រេចចិត្តយ៉ាងល្ងង់ខ្លៅក្នុងការវាយប្រហារលើប្រទេសដ៏ស្លូតត្រង់មួយ ដែលក្នុងករណីនេះគឺកាតា»។
លោកបន្តថា៖ «ប្រសិនបើរឿងនោះកើតឡើងមែន ទោះមានឬគ្មានជំនួយ ឬការយល់ព្រមពីអ៊ីស្រាអែលក៏ដោយ ក៏អាមេរិកនឹងវាយកម្ទេចរោងចក្រឧស្ម័ន South Pars ទាំងមូលឲ្យខ្ទេចខ្ទី ក្នុងកម្រិតនៃកម្លាំង និងអំណាចដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញ ឬជួបប្រទះពីមុនមកសោះ។ ខ្ញុំមិនចង់ឲ្យមានអំពើហិង្សា និងការបំផ្លិចបំផ្លាញដល់កម្រិតនោះទេ ដោយសារតែផលប៉ះពាល់រយៈពេលវែងដល់អនាគតរបស់អ៊ីរ៉ង់ ប៉ុន្តែប្រសិនបើរោងចក្រ LNG របស់កាតាត្រូវរងការវាយប្រហារម្តងទៀត ខ្ញុំនឹងមិនរុញរាឡើយ»។

ការព្រមានរបស់លោកត្រាំ កើតឡើងស្របពេលតម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent ហក់ដល់ ៥.១០ ដុល្លារ ឬ ៤,៧៥% ដល់ ១១២.៥ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរថ្ងៃព្រហស្បតិ៍ គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង។
ដោយឡែក តម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ២.៦៣ ដុល្លារ ឬ ២,៧៣% ដល់ ៩៨.៩៥ ដុល្លារ/បារ៉ែល គិតត្រឹមពេលដូចគ្នា។ ពេលបិទការជួញដូរថ្ងៃពុធ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៣,៨% ខណៈតម្លៃ WTI បានកើនឡើងតិចតួចត្រឹម ០,១%។

បើតាមរ៉យទ័រ នេះគឺជាគម្លាតតម្លៃរវាង Brent និង WTI ធំបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃប្រេងរបស់អាមេរិក មិនហក់ឡើងដូច Brent ទេ ដោយសារតែអាមេរិកបញ្ចេញប្រេងពីស្ដុកបម្រុងរហូតដល់ទៅ ១៧០ លានបារ៉ែល ខណៈតម្លៃ Brent ហក់ឡើងដោយសារតែការវាយប្រហារលើទីតាំងថាមពលសំខាន់ៗនៅមជ្ឈិមបូព៌ា ក៏ដូចជាការបិទច្រកសមុទ្រ Hormuz៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


