Connect with us

សេចក្ដីជូនដំណឹង

ស្ថាប័ន IDP Education បើកពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦ បើកផ្លូវឱ្យសិស្សកម្ពុជារាប់ពាន់នាក់ឆ្ពោះទៅកាន់ការសិក្សាកម្រិតពិភពលោក

បានផុស

នៅ

ភ្នំពេញ៖ ស្ថាប័ន IDP Education បានបើកពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦មានការចូលរួមពីជាង ៨០ ស្ថាប័ន មកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ដែលបានផ្តល់ឱកាសនិងបើកផ្លូវឱ្យសិស្សកម្ពុជារាប់ពាន់នាក់ឆ្ពោះទៅកាន់ការសិក្សាកម្រិតពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ការសិក្សានៅបរទេសឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍អប់រំអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី ១៤-១៥ ខែមីនា កន្លងទៅនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងសិស្សានុសិស្ស និងមាតាបិតាកម្ពុជា ជាមួយតំណាងសាកលវិទ្យាល័យល្បីៗមកពីជុំវិញពិភពលោក។

ក្នុងពិធីបើកជាផ្លូវការនៅសាលពិព័រណ៍កោះពេជ្រ លោក សេង ម៉ៅ នាយកប្រចាំប្រទេសនៃ IDP Education កម្ពុជា និងសាលា ACE បានលើកឡើងពីថា៖ «ការចូលរួមយ៉ាងកុះករនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការអប់រំលំដាប់អន្តរជាតិ។ បេសកកម្មរបស់យើងគឺផ្តល់នូវការណែនាំដែលគួរឱ្យទុកចិត្តបំផុតដើម្បីជួយឱ្យសិស្សានុសិស្សជ្រើសរើសផ្លូវសិក្សាដែលត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ»។

ស្របពេលជាមួយគ្នានេះ អ្នកស្រី Tennealle O’Shannessy នាយិកាប្រតិបត្តិ (CEO) នៃ IDP Education ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ការអប់រំអន្តរជាតិថា៖ «ការអប់រំអន្តរជាតិមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនកសាងជំនាញ និងទស្សនវិស័យថ្មីៗ ដើម្បីឱ្យពួកគេអាចប្រកួតប្រជែង និងទទួលបានជោគជ័យក្នុងទីផ្សារការងារសកលនាពេលបច្ចុប្បន្ន»។

ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពីមជ្ឈដ្ឋានការទូត ដោយមានវត្តមានចូលរួមបើកដោយផ្ទាល់ពី ឯកឧត្តម Dominic Williams (ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស) ឯកឧត្តម Christian DesRoches (ឯកអគ្គរដ្ឋទូតកាណាដា) និង លោកស្រី Bridget Collier (ភារធារីស្ថានទូតអូស្ត្រាលី) ដែលសុទ្ធតែបានលើកទឹកចិត្តឱ្យសិស្សានុសិស្សកម្ពុជាទាញយកអត្ថប្រយោជន៍ពីការសិក្សានៅបរទេស ដើម្បីនាំយកចំណេះដឹងមកអភិវឌ្ឍមាតុភូមិវិញ។

ពិព័រណ៍ក្នុងឆ្នាំ ២០២៦ នេះ រួមមាន៖

  • ការប្រឹក្សាយោបល់ផ្ទាល់ខ្លួន៖ សិស្សានុសិស្សទទួលបានការណែនាំឥតគិតថ្លៃលើការជ្រើសរើសមុខជំនាញ ការដាក់ពាក្យចូលរៀន និងការស៉ំទិដ្ឋាការសិក្សា។
  • ឱកាសអាហារូបករណ៍៖ ការផ្សព្វផ្សាយពីអាហារូបករណ៍ល្បីៗដូចជា Australia Awards, Chevening, Manaaki New Zealand និងអាហារូបករណ៍ពីប្រទេសជប៉ុន និងកូរ៉េ។
  • ការត្រៀមខ្លួនផ្នែកភាសា៖ ក្រុមការងារ ACE និង IELTS បានផ្តល់ព័ត៌មានលម្អិតអំពីការត្រៀមខ្លួនធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស។
  • វេទិកាអតីតនិស្សិត៖ ការចែករំលែកបទពិសោធន៍ពីអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅបរទេស អំពីជីវិតរស់នៅ និងឱកាសការងារក្នុងទីផ្សារអន្តរជាតិ។

ពិព័រណ៍នេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្តល់នូវព័ត៌មានពិតប្រាកដ និងឱកាសដែលមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជាក្នុងការកសាងអនាគតដ៏ភ្លឺស្វាង។

សិស្ស និស្សិត និងអាណាព្យាបាលអាចជួបប្រឹក្សាផ្ទាល់ដោយឥតគិតថ្លៃ ជាមួយអ្នកជំនាញប្រឹក្សាទៅសិក្សានៅបរទេស នៅការិ យាល័យ IDP Education (Cambodia) ដែលមានទីតាំងនៅសាលា ACE ទាំង ៦ សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម