សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យា ជាឧបករណ៍មិនអាចខ្វះបាន ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់លើគ្រប់វិស័យ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់លើគ្រប់វិស័យ ក្នុងបរិការណ៍ដែលបណ្តាប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា។

សម្ដេចនាយករដ្ឋមន្ត្រី បានឡើងឡើងបែបនេះតាមរយៈសារលិខិត ចូលរួមអបអរក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦។
ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើកទី៤ មានអមដោយព្រឹត្តិការណ៍ពិសេសនានា គឺជាការបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ។
ជាង២ទសវត្សរ៍កន្លងមកនេះ កម្ពុជាកំពុងធ្វើពិពិធកម្ម ដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ច អតិពលកម្ម និងការពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់មូលដ្ឋានសេដ្ឋកិច្ចចម្រុះដែលផ្អែកលើចំណេះដឹង ជំរុញដោយនវានុវត្តន៍ ផ្តល់នូវតម្លៃបន្ថែម និងមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។

ក្នុងដំណាក់កាលថ្មីនៃដំណើរអភិវឌ្ឍជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដោយគ្រប់ប្រទេសអភិវឌ្ឍន៍សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម និងប្រព័ន្ធថ្មីៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជាភាពខ្លាំងសម្រាប់គាំទ្រសន្តិសុខជាតិរយៈពេលវែង។
ដោយហេតុនេះ ទើបរាជរដ្ឋាភិបាលបង្កើត មូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច ដើម្បីគាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយប្រសិទ្ធភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «នេះគឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរដំណើរវិវត្តរបស់យើងពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា និងពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជាប្រទេសអ្នកបង្កើតចំណេះដឹង និងបច្ចេកវិទ្យានៅក្នុងតំបន់ នាពេលអនាគត»។

បញ្ញាសិប្បនិម្មិតកំពុងលេចធ្លោជាបច្ចេកវិទ្យាមួយដែលមានការផ្លាស់ប្តូរលឿនបំផុត ហើយក៏ជាឱកាសសម្រាប់កម្ពុជាទាញយកផលប្រយោជន៍ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយសក្តានុពលក្នុងការជំរុញកំណើនផលិតភាព និងគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា យើងអាចវិនិយោគរយៈពេលវែងលើការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន លុះត្រាតែ ប្រទេសយើងមានសន្តិភាព ស្ថិរភាព នីតិរដ្ឋ និងអភិបាលកិច្ចស្ថាប័នប្រកបដោយប្រសិទ្ធភាព។
ម្យ៉ាងទៀត គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគ្រប់គោលនយោបាយជាតិរបស់កម្ពុជា បានកសាងឡើងដើម្បីជំរុញ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានឱកាសរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងទាមទារឱ្យមានការចូលរួមចំណែកពីពលរដ្ឋគ្រប់រូប ជាពិសេសការបង្កើននិស្សិតបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងដំណើរការអភិវឌ្ឍនិងជំរុញនវានុវត្តន៍ជាតិប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង។
បច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ត្រូវជួយបង្កើតការងារ បង្កើនផលិតភាព គុណភាព និងតម្លៃបន្ថែមដល់ផលិតផល និង សេវាកម្មលើគ្រប់វិស័យ ព្រមទាំងត្រូវគិតគូរពីនវានុវត្តន៍ឧស្សាហកម្ម និងការការពារបរិស្ថាន និងសហគមន៍៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


