ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីប្រាប់ក្រុមហ៊ុនអាមេរិកពីការដាក់ចេញគោលនយោបាយអនុគ្រោះពន្ធ កំណែទម្រង់ សាមញ្ញកម្មនីតិវិធី ដើម្បីជួយវិនិយោគិន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ជូនគណៈប្រតិភូ USABC អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ក្នុងឱកាសសម្តេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដឹកនាំដោយឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ USABC ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិកនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។
គណៈប្រតិភូ USABC ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងវិស័យ SMEs ផងដែរ។ ជាមួយគ្នានោះ, បណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ USABC ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមលើនោះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែងដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


