Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងមិនដកដៃពីការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញលទ្ធផលជាវិជ្ជមាននៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយក្នុងរយៈពេលមួយឆ្នាំ បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសចំនួន ៦៦៥ទីតាំង បណ្តេញជនបរទេស ២១,១០២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨សំណុំរឿង។

លទ្ធផលនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

តាមរបាយការណ៍ គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុវត្តវិធានការរដ្ឋបាលលើទីតាំង ២៨,៥១២កន្លែង ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេស។ ក្នុងនោះ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោក ៦៦៥កន្លែង។

ជាមួយគ្នានេះ អាជ្ញាធរក៏បានត្រួតពិនិត្យកាស៊ីណូដែលមានអាជ្ញាបណ្ណសរុប ១៩៥ទីតាំង ដោយរកឃើញថា ១២៣កាស៊ីណូ ពុំមានភស្តុតាងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ ៧២ទីតាំង បានផ្អាកសកម្មភាព។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញជនបរទេស ២១,១០២នាក់ មកពី ៣៨សញ្ជាតិ ដែលភាគច្រើនជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដែស។

សមត្ថកិច្ចក៏បានកសាង និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ២៦៨សំណុំរឿង ពាក់ព័ន្ធជនសង្ស័យ ២,៧៧៣នាក់ ក្នុងនោះ ២,២០០នាក់ កំពុងជាប់ឃុំ រួមមានជនជាតិខ្មែរ ៣១៣នាក់។ ទន្ទឹមនឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើ ៣សំណុំរឿង ពាក់ព័ន្ធជនសង្ស័យ ១៤នាក់ ហើយកំពុងបន្តស៊ើបអង្កេតករណីផ្សេងៗទៀត។

ដើម្បីបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយគ្រោងមានការចូលរួមពីរដ្ឋមន្ត្រីមកពី ១៦ប្រទេស និងមន្ត្រីជាន់ខ្ពស់មកពី ១៤ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន ៦។

ក្នុងកិច្ចប្រជុំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រេចបានជោគជ័យមួយជំហានធំ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធត្រូវបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមិនដកដៃជាដាច់ខាត។ សម្ដេចបានចាត់ទុកការលុបបំបាត់បណ្តាញឆបោកទាំងនេះថា ជា «ការបោសសម្អាតផ្ទះរបស់កម្ពុជា» ដែលនឹងរួមចំណែកពង្រឹងសេដ្ឋកិច្ច និងកិត្តិយសរបស់ប្រទេសលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម