Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌាលាលែងពីតំណែង ក្រោយផ្ទុះការតវ៉ារបស់យុវជនជុំវិញបញ្ហាលួចបន្លំការប្រឡង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក​នាយករដ្ឋមន្ត្រី ណារិនដ្រា មូឌី បានយល់ព្រមទទួលយកសំណើសំខាន់ៗរបស់ក្រុមយុវជន ដែលបានធ្វើបាតុកម្មអស់រយៈពេលជាច្រើនសប្តាហ៍ ជុំវិញបញ្ហាលួចបែកធ្លាយសំណួរប្រឡងថ្នាក់ជាតិ និងការកែទម្រង់ប្រព័ន្ធប្រឡង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan ដែលលាលែងចេញពីតំណែងកាលពីថ្ងៃសៅរ៍ ទី ២៥ កក្កដា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ាបានផ្ទុះឡើងតាំងពីចុងខែមិថុនា បន្ទាប់ពីសំណួរប្រឡងចូលរៀនផ្នែកវេជ្ជសាស្ត្រថ្នាក់ជាតិត្រូវបានលេចធ្លាយ ដែលបង្ខំឱ្យអាជ្ញាធររៀបចំការប្រឡងឡើងវិញ និងប៉ះពាល់ដល់សិស្សនិស្សិតប្រមាណ ២ លាននាក់។ ករណីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីយុវជន ដែលលើកឡើងពីបញ្ហាភាពមិនត្រឹមត្រូវក្នុងការប្រឡង កង្វះឱកាសការងារ និងការទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវ។

ក្រុមបាតុករដែលដឹកនាំដោយចលនា Cockroach Janta Party (CJP) បានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលាលែងពីតំណែង កែទម្រង់ប្រព័ន្ធប្រឡង ដកបទចោទប្រកាន់លើអ្នកតវ៉ា និងផ្តល់សំណងដល់គ្រួសារសិស្សមួយចំនួនដែលបានស្លាប់ក្រោយវិបត្តិការលេចធ្លាយសំណួរប្រឡង។

ក្រោយការលាលែងរបស់លោក Pradhan រដ្ឋាភិបាលបានប្រកាសទទួលយកសំណើរបស់ក្រុមយុវជន ហើយមេដឹកនាំចលនា CJP ក៏បានប្រកាសបញ្ចប់ការធ្វើបាតុកម្ម និងអំពាវនាវឱ្យអ្នកគាំទ្រវិលត្រឡប់ទៅផ្ទះដោយសន្តិវិធី។

ការតវ៉ានេះបានក្លាយជាវិបត្តិនយោបាយធំបំផុតមួយក្នុងអាណត្តិទី៣របស់លោក មូឌី ខណៈក្រុមយុវជនជាអ្នកបោះឆ្នោតដ៏សំខាន់របស់គណបក្សកាន់អំណាច Bharatiya Janata Party (BJP) ហើយឥណ្ឌាក៏នឹងរៀបចំការបោះឆ្នោតនៅរដ្ឋសំខាន់ៗមួយចំនួននៅឆ្នាំក្រោយផងដែរ។

អ្នកវិភាគមើលឃើញថា ការចុះចាញ់សម្ពាធរបស់រដ្ឋាភិបាលក្នុងលើកនេះ គឺជារឿងកម្រកើតមាន ដោយសារលោក មូឌី តែងតែត្រូវបានគេស្គាល់ថា មិនសូវព្រមធ្វើការសម្រេចចិត្តក្រោមសម្ពាធនៃការតវ៉ាសាធារណៈនោះទេ។

ការតវ៉ារបស់យុវជននៅឥណ្ឌា ក៏ត្រូវបានគេប្រៀបធៀបផងដែរ ទៅនឹងចលនាតវ៉ាក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ីខាងត្បូង ដូចជា ស្រីលង្កា នេប៉ាល់ និងបង់ក្លាដែស ដែលបាននាំឱ្យមានការផ្លាស់ប្តូរនយោបាយ និងការដួលរលំរបស់រដ្ឋាភិបាលមួយចំនួន ក្រោមសម្ពាធពីបាតុកម្មរបស់ប្រជាពលរដ្ឋ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម