Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងសាកលវិទ្យាល័យ Jungwon របស់កូរ៉េ ពិភាក្សារកឱកាសបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាព នៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យ TVET។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក គីវ៉ុន ចាង និងសហការី ដោយលោកបានលើកឡើងពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយកិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏ល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងវិស័យការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

លោកបានលើកឡើងពីសារៈសំខាន់ នៃកម្មវិធី TVET នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ ជាពិសេសក្នុងដំណាក់កាលដំបូង។ នៅដំណាក់កាលដំបូង នៃបដិវត្តឧស្សាហកម្មពឹងផ្អែកលើ TVET ដែលត្រូវការពេលបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីអាចទទួលបានការងារធ្វើភ្លាមៗ សម្រាប់ប្រជាពលរដ្ឋ។ កម្មវិធី TVET នេះ សមស្របនឹងតម្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រជាជនជាច្រើនកំពុងស្វែងរកការងារ និងចង់ចូលទៅកាន់ទីផ្សារការងារឲ្យបានឆាប់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេសសម្រាប់គ្រួសារក្រីក្រ។

លោកបន្តថា ប្រព័ន្ធ TVET កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយនៅក្នុងអាណត្តិនេះ កម្ពុជា កំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ អាចផ្តល់អត្ថប្រយោជន៍ច្រើនលើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី TVET នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។

ជាការឆ្លើយតប លោក គីវ៉ុន ចាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាបានបង្ហាញពីយុទ្ធសាស្រ្តការងារក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានលើកឡើងថា លោកមានបទពិសោធជាច្រើននៅក្នុងវិស័យ TVET តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េ នៅអង្គការអន្តរជាតិ និងនៅបរទេសផងដែរ។ ហេតុនេះ លោកមានការយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់ នៃ TVET ក្នុងដំណើរការអភិវឌ្ឍប្រទេស ហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងវិស័យ TVET នេះ។

លោកក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យ Jungwon ទទួលបានកញ្ចប់អាហារូបករណ៍ពី KOICA ផងដែរ សម្រាប់ថ្នាក់អនុបណ្ឌិតលើជំនាញអគ្គិសនី និងអេឡិចត្រូនិក ដែលជាឱកាសសម្រាប់បញ្ជូនគ្រូ TVET កម្ពុជា ទៅបន្តការសិក្សា។

តាមរយៈជំនួបដ៏មានសារៈសំខាន់ប្រកបដោយផលិតភាព និងមានចក្ខុវិស័យនេះ ភាគីទាំងពីរ សង្ឃឹមថា នឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី TVET ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម