Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ បដិសេធសំណើលោកណេតាន់យ៉ាហ៊ូ ដែលចង់​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់ងើបឡើងបះបោរ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបាន​គេ​រាយការណ៍ថា បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលចង់​ឲ្យ​លោកអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់​ឲ្យ​ចេញមកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ណេតាន់យ៉ាហ៊ូ និង​លោកត្រាំ (រូបថត៖ REUTERS)

យោង​តាម​ការ​ចុះផ្សាយរបស់ Independent កាល​ពី​ថ្ងៃទី​២៥​ខែ​មីនា​ឆ្នាំ​២០២៦ នៅក្នុងកិច្ច​សន្ទនាតាមទូរសព្ទ​សប្តាហ៍មុន លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា ពេលនេះរបបដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់ ដែលជា «ឱកាសមាស» ក្នុងការធ្វើ​ឲ្យរដ្ឋាភិបាលនេះដួលរលំ។ ប៉ុន្តែលោកត្រាំ បានទាត់ចោលគំនិតនេះភ្លាមៗ ដោយបារម្ភថា ការធ្វើបែបនេះនឹងនាំទៅរកការកាប់សម្លាប់រង្គាល។ យោងតាមប្រភពពី Axios លោកត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «តើយើងទៅប្រាប់​ឲ្យ​ប្រជាជនចេញមកលើផ្លូវធ្វើអី បើដឹងថាពួកគេនឹងត្រូវគេបាញ់សម្លាប់ចោលបែបហ្នឹង?»

កាលពីខែមករា លោកត្រាំ ធ្លាប់បានលើកទឹកចិត្តដល់អ្នកតវ៉ាអ៊ីរ៉ង់ និងធ្លាប់និយាយពីរឿងផ្លាស់ប្តូររបបដឹកនាំនៅ​ពេល​ធ្វើ​សង្គ្រាមដំបូងៗ ប៉ុន្តែពេលនេះគោលជំហររបស់លោកហាក់បានផ្លាស់ប្តូរ។ ខណៈដែលលោកណេតាន់យ៉ាហ៊ូ ចាត់ទុកការងើបបះបោររបស់ប្រជាជនជាឱកាស​ល្អ ខាង​ចារកម្ម​អាមេរិកបែរជាយល់ថា របបដឹកនាំអ៊ីរ៉ង់នៅតែមានលទ្ធភាពរក្សាអំណាចដដែល ដ្បិត​មេ​ដឹក​នាំ​កំពូល​ Ali Khamenei ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃទី​២៨​កុម្ភៈ​។

សូម​ជម្រាប​ថា ថ្មីៗ​នេះ ដោយសាររងសម្ពាធក្នុងស្រុករឿងតម្លៃប្រេងហក់ឡើងខ្ពស់ លោកត្រាំ បានដាក់ចេញនូវផែនការ១៥​ចំណុចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែខាងទីក្រុងតេហេរ៉ង់នៅតែបន្តបដិសេធ​ និង​មិន​ព្រម​ចរចា​ដោយ​​ផ្ទាល់ជា​ដាច់​ខាត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ទោះបីជាមានការផ្ញើសារឆ្លងឆ្លើយគ្នាតាមរយៈអ្នកសម្របសម្រួលក៏ដោយ ក៏មិនទាន់មានការចរចាផ្លូវការណាមួយជាមួយអាមេរិកនៅឡើយទេ៕

ពលរដ្ឋ​រាប់​ពាន់​នាក់​ចេញ​តវ៉ា​តាម​ដង​ផ្លូវក្នុង​ទីក្រុង​តេហេរ៉ង់​កាល​ពី​ខែ​មករា​២០២៦ (រូបថត៖ Getty)​

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម