Connect with us

ជីវិតកម្សាន្ដ

ឈឺធ្ងន់ជាថ្មី! សាវិន ហ្វីលីព បង្ហើបស្ថានភាព ម៉េង ប៊ុនទ្បូ កំពុងសម្រាកព្យាបាល ចាំបាច់ត្រូវវះកាត់បន្ទាន់

បានផុស

នៅ

លោក សាវិន ហ្វីលីព បានបង្ហើបឱ្យដឹងពីស្ថានភាពសុខភាពគួរឱ្យព្រួយបារម្ភរបស់តារាសម្ដែងជើងចាស់ ម៉េង ប៊ុនទ្បូ ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង។ បើតាមការបញ្ជាក់ ជំងឺនេះត្រូវការធ្វើការវះកាត់ជាបន្ទាន់ ដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរបន្ថែម ខណៈបច្ចុប្បន្ន តារាប្រុសរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងជិតស្និទ្ធពីក្រុមវេជ្ជបណ្ឌិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកលោក សាវិន ហ្វីលីព នៅព្រឹកដើមខែមេសានេះបានរៀបរាប់ថា តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយលោកតែម្ដង។ តាមការបញ្ជាក់ ម៉េង ប៊ុនទ្បូ មានអាការៈឡើងកម្ដៅខ្ពស់ដល់ ៤០អង្សាសេ បណ្ដាលមកពីជំងឺបែកសរសៃជើងខាងឆ្វេង (សរសៃវ៉ែនដែលរត់ទៅបេះដូង) រួមជាមួយនឹងជំងឺរលាកបំពង់កយ៉ាងធ្ងន់ធ្ងរ។

តាមការឱ្យដឹង លោក ម៉េង ប៊ុនឡូ បានលាក់បាំងស្ថានភាពជំងឺនេះយូរមកហើយ ដោយសារខ្វះលទ្ធភាពវះកាត់ព្យាបាល ខណៈតម្លៃនៃការវះកាត់ព្យាបាលខ្ទង់ប្រហែល ៣,០០០ ដុល្លារ។

លោក សាវិន ហ្វីលីព បន្ថែមដែរថា វេជ្ជបណ្ឌិតធ្លាប់បានព្រមានថា ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលា អាចនាំឲ្យប្រឈមនឹងហានិភ័យជំងឺគាំងបេះដូងនាពេលអនាគត។ តែទោះជាយ៉ាងណា ដោយសារការខ្វះខាតលទ្ធភាព ហេតុផលនេះ ក៏ធ្វើឱ្យជំងឺរបស់តារាសម្តែងរូបនេះបន្តធ្ងន់ធ្ងរឡើងដូចនេះ។

គួររំលឹកថា លោក ម៉េង ប៊ុនឡូ ធ្លាប់អាក់ខានសម្តែងច្រើនឆ្នាំ ចាប់ពីអំឡុងឆ្នាំ២០០៦ ព្រោះជំងឺមួយស្ទើរបាត់បង់ជីវិតម្តងរួចទៅហើយ។ កាលណោះ លោកបញ្ជាក់ថា គ្រាដែលលោកបាត់ខ្លួនមួយរយ:ពេលធំចាប់ពីអំឡុងឆ្នាំ២០០៦ ដោយសារមានជំងឺមួយដែលយើងនឹកស្មានមិនដល់ ហើយជំងឺនេះទៀតសោត គឺប៉ះពាល់សុខភាពមិនអាចថតសម្តែងបានតែម្តង គឺជំងឺ “លៀនឌីស”។

លោកថា កាលណោះ លោកជិះសេះពុំមែនសេះសម្រាប់ថតទេ គឺជាសេះអ្នកភូមិដែលបណ្តាលឱ្យលោកធ្លាក់ពីលើខ្នងសេះជាច្រើនដង រហូតធ្លាក់ចុងក្រោយធ្វើឱ្យទល់ផ្អកទើបវិវត្តន៍ទៅជាការចុកចាប់ផ្នែកចង្កេះខ្លាំងឡើងៗ និងធ្វើទុកស្ពឹកជើងមួយចំហៀងខ្លួន ទើបលោកសម្រេចទៅរកពេទ្យ។ ខណៈពេលនោះ ពេទ្យតម្រូវឱ្យវះកាត់ព្យាបាល បើមិនដូច្នេះទេប្រឈមមុខនឹងពិការតែម្តង។

អំឡុងពេលឈឺចុងចាប់ក្នុងសរសៃឆ្អឹងចង្កេះនោះដែរ លោកមិនត្រឹមតែទៅរកការម៉ាស្សា ឬគ្រូចាប់សរសៃនោះទេ គឺថែមទាំងលេបថ្នាំផ្សះច្រើនទៀតផង ប៉ុន្តែចុងក្រោយលោកក៏បានសម្រេចវះកាត់តាមការណែនាំនៅមន្ទីពេទ្យ ដោយកាលនោះ ជាជម្រើសចុងក្រោយ ហើយស្មានតែគ្មានឱកាសដើរបានដូចពេលនេះឡើយ ព្រោះគ្រូពេទ្យថា ទោះបីវះកាត់អាចនឹងពិការតែបើមិនវះកាត់ក៏ពិការបាត់បង់ជីវិតទៀតផង។

ម៉េង ប៊ុនទ្បូ ធ្លាប់ជាតារាឯកប្រុសល្បីល្បាញមួយរូបក្នុងវិស័យភាពយន្តខ្មែរ ជាពិសេសតាមរយៈខ្សែភាពយន្ត «ចៅពស់កេងកង» របស់លោក ហ្វៃ សំអាង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ទោះជាយ៉ាងណា ជីវិតបច្ចុប្បន្នរបស់លោក កំពុងជួបប្រទះភាពលំបាកខ្លាំង ដោយត្រូវសម្រាកពេទ្យតែម្នាក់ឯង គ្មានអ្នកថែទាំជិតស្និទ្ធ ខណៈស្ថានភាពសេដ្ឋកិច្ចក៏មិនប្រសើរឡើយ។

ទោះបីជាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន តារាប្រុសរូបនេះត្រូវបានពិពណ៌នាថា ជាមនុស្សស្លូតបូត មានភាពអត់ធ្មត់ និងមិនធ្លាប់បង្ហាញការត្អូញត្អែរ ឬបង្ហាញភាពលំបាករបស់ខ្លួនជាសាធារណៈឡើយ។

ជាមួយគ្នានេះ លោក សាវិន ហ្វីលីព ក៏បានអំពាវនាវដល់សាធារណជន និងអ្នកស្រលាញ់វិស័យសិល្បៈ ចូលរួមជួយគាំទ្រតារាចាស់រូបនេះ ក្នុងការព្យាបាល និងឆ្លងកាត់វគ្គលំបាកនៃជីវិត៕ ដោយ៖ ចាន់រ៉ា | rewrite: Sotheavy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម