Connect with us

ព័ត៌មានអន្ដរជាតិ

មុន​កា​រចរចាអាមេរិក-អ៊ីរ៉ង់​ចាប់ផ្តើម រុស្ស៊ី ជឿថា បទឈប់បាញ់នឹងគ្របដណ្តប់​ទូទាំងមជ្ឈិមបូព៌ា​

បានផុស

នៅ

ខណៈពេល​ការ​ចរចា​​​​កម្រិតខ្ពស់​រវាង​សហរដ្ឋអាមេរិក និង​​អ៊ីរ៉ង់​​ ត្រូវ​បានគេ​រំពឹងចាប់ផ្តើម​នៅ​​​​ថ្ងៃសៅរ៍​នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Sergey Lavrov បានប្រាប់សមភាគីអ៊ីរ៉ង់ គឺ​រដ្ឋមន្ត្រីការបរទេស​ Abbas Aragchi នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា ដោយលើកឡើងថា ទីក្រុងមូស្គូជឿជាក់យ៉ាងមុតមាំនូវ បទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មានវិសាលភាព​​គ្របដណ្តប់​ទូទាំង​ក្នុងតំបន់ ដោយ​​​​លាតសន្ធឹងដល់​ជម្លោះ​នៅ​ប្រទេសលីបង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន RT លោក Lavrov បាននិយាយថា រុស្ស៊ីគាំទ្រពេញទំហឹងចំពោះការបញ្ឈប់អរិភាពរវាងអាមេរិក និងអ៊ីរ៉ង់ និងការចូលជាសមាជិករបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងទាំងនោះ។ លោកបានសម្តែងក្តីសង្ឃឹមសម្រាប់ភាពជោគជ័យនៃការចរចានាពេលខាងមុខ និងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការជួយ យកឈ្នះលើផលវិបាកនៃការឈ្លានពានដែល​​​បង្កឡើង​ដោយ​អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងធានាសន្តិភាពរយៈពេលវែង ព្រមទាំងសន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីរុស្ស៊ីក៏បានសង្កត់ធ្ងន់ផងដែរថា ទីក្រុងមូស្គូ ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងទាំងនេះ ដូចដែលបានប្រកាសដោយអ្នកសម្របសម្រួលប៉ាគីស្ថាន មាន​វិសាលភាព​​​ទូទាំង​ក្នុងតំបន់ និងជាពិសេស អាចលាតសន្ធឹងដល់ប្រទេសលីបង់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានអះអាងថា លីបង់មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ហើយថា ខ្លួនមានបំណងបន្តប្រតិបត្តិការនៅក្នុងប្រទេសមួយនេះ ជាទីតាំងដែលខ្លួនបានធ្វើការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ និងបានចាប់ផ្តើមការឈ្លានពានលើដីគោក។

ប៉ុន្តែអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា លីបង់ត្រូវតែរួមបញ្ចូលនៅក្នុងការបញ្ឈប់អរិភាពណាមួយ ដោយព្រមានផងដែរថា ច្រកសមុទ្រហ័រមូសនឹងនៅតែបិទការដឹកជញ្ជូនរហូតដល់អ៊ីស្រាអែលប្តេជ្ញាចិត្តចំពោះបទឈប់បាញ់នៅគ្រប់ទិសទី។

យោងតាមក្រសួងអ៊ីរ៉ង់ លោក Araghchi បានថ្លែងអំណរគុណដល់លោក Lavrov ចំពោះ «ជំហរផ្អែកលើគោលការណ៍» របស់រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅឈូងសមុទ្រពែរ្ស។ អ្នកការទូតទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់កាន់តែទូលំទូលាយផងដែរ។

ទីក្រុងមូស្គូបានថ្កោលទោសចំពោះយុទ្ធនាការរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ កុម្ភៈ។ រុស្ស៊ីបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយការទូត ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភច្បាប់អន្តរជាតិ។ វិមានក្រឹមឡាំងក៏បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើ លីបង់ផងដែរ រួមទាំងការវាយប្រហារកាលពីខែមីនាលើមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីមួយនៅភាគខាងត្បូងទីក្រុងណាបាទីអេ (Nabatieh)៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម