Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងរិះគន់ អឺរ៉ុប ថា ការ​​​ផាត់រុស្ស៊ីចេញពីដំណើរ​សន្តិភាព​នៅ​អ៊ុយក្រែន គឺជា «ផ្លូវទាល់ច្រក»

បានផុស

នៅ

វិមាន​ប្រធានាធិបតី​រុស្ស៊ី (វិមានក្រឹមឡាំង) បានប្រកាស​នៅ​ថ្ងៃ ទី១៤ ខែកក្កដា ថា អឺរ៉ុបមិនអាចដើរតួនាទី​ប្រកប​ដោយ​​អត្ថន័យ​ណាមួយក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនបានឡើយ ដរាបណានៅតែព្យាយាមផាត់ប្រទេសរុស្ស៊ីចេញពីដំណើរការនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅជំហរ​របស់ប្លុកអឺរ៉ុបថាជា «ផ្លូវទាល់ច្រក»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ លោក Peskov ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានវែកញែកថា រាល់ការធានាសន្តិសុខនាពេលអនាគតសម្រាប់ទីក្រុងកៀវ គួរ​តែ​ត្រូវបានកំណត់ឡើងដោយអ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច ដោយមិនបាច់មានការចូលរួមពីរុស្ស៊ីនោះទេ។

យោងតាមការចេញផ្សាយពី RT, លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា ជំហរដែលពួកអឺរ៉ុបកំពុងប្រកាន់យក គឺជារឿងទាល់ច្រក។ ប្រសិនបើពួកគេនៅតែជម្នះលើចំណុចនេះ ពួកគេនឹងគ្មានតួនាទីអ្វីទាំងអស់នៅក្នុងដំណើរការដោះស្រាយជម្លោះ។

លោក Merz បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពនៃអ្នកមានឆន្ទៈនៅក្នុងទីក្រុង​ប៉ារីស កាលពីថ្ងៃច័ន្ទ ជាកន្លែងដែលលោកបានប្តេជ្ញាថា អាល្លឺម៉ង់ និងក្រុមអ្នកគាំទ្រលោកខាងលិចដទៃទៀតរបស់អ៊ុយក្រែន នឹងបន្តផ្គត់ផ្គង់ជំនួយយោធាទៅឲ្យទីក្រុងកៀវ បន្ទាប់ពីមានការឈប់បាញ់ណាមួយនាពេលអនាគត។

ក្រុមសម្ព័ន្ធភាពនេះប្រមូលផ្តុំប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើន ព្រមទាំងអង់គ្លេស, ន័រវែស, អ៊ីស្លង់, និងតួកគី។ ក្រុមនេះបាននិងកំពុងពិភាក្សាលើការរៀបចំសន្តិសុខក្រោយជម្លោះសម្រាប់អ៊ុយក្រែន រួមទាំងសំណើដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ ទោះបីជាមានការបដិសេធម្តងហើយម្តងទៀតពីរុស្ស៊ី ចំពោះវត្តមានកងទ័ពបរទេសនៅក្បែរព្រំដែនខ្លួនក៏ដោយ។

ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា កាលពីសប្តាហ៍មុន បណ្តាប្រទេសជាសមាជិកបានយល់ព្រមផ្តល់ជំនួយយោធាចំនួនជាង ៧០ ពាន់លានអឺរ៉ូ (៨០ ប៊ីលានដុល្លារ) ដល់អ៊ុយក្រែនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដោយក្នុងនោះអាល្លឺម៉ង់បានប្តេជ្ញាផ្តល់ការរួមចំណែកជាតិធំបំផុត។

ការប្តេជ្ញាផ្តល់ដ្រូនយ៉ាងគំហុករបស់លោកខាងលិច ធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងតែបង្កើនការវាយប្រហារដោយប្រើប្រាស់ដ្រូនរាប់រយគ្រឿងក្នុងមួយថ្ងៃ ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ អ្វីដែលសាហាវនោះគឺ រុស្ស៊ីបានរាយការណ៍ពីការរកឃើញដ្រូនបង្កប់បច្ចេកវិទ្យា AI ដែលអាចកំណត់គោលដៅស្វ័យប្រវត្តិចូលមកបុកកម្ទេចឡានក្រុងដឹកអ្នកដំណើរ និងឡានស៊ីវិល នៅក្នុងទឹកដីរុស្ស៊ីយ៉ាងរន្ធត់។

យ៉ាងណា វិមានក្រឹមឡាំងបានរំលឹកពិភពលោកថា ខ្លួននឹងមិនទន់ជ្រាយតាមលោកខាងលិចឡើយ។ សន្តិភាពអាចកើតឡើងបាន លុះត្រាតែអ៊ុយក្រែនព្រមទទួលយកលក្ខខណ្ឌស្នូលរបស់រុស្ស៊ី រួមមាន៖ ភាពអព្យាក្រឹត (មិនចូលណាតូ) ការរំសាយអាវុធ ការពារប្រជាជននិយាយភាសារុស្ស៊ី និងការទទួលស្គាល់ថាទឹកដីដែលរុស្ស៊ីវាយយកបានគឺជារបស់រុស្ស៊ីជាដាច់ខាត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

បារាំង បើកដៃឲ្យ អ៊ុយក្រែនបង្កើតរោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រខ្លួនឯង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម