Connect with us

ព័ត៌មានអន្ដរជាតិ

ចិន តប​ទៅ​អាមេរិក​ថា ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី នឹង​​បំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ​

បានផុស

នៅ

ចិន នឹង​ចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ រួមទាំងផលប្រយោជន៍ក្រុមហ៊ុនរបស់ខ្លួន ជំុវិញ​គម្រោងដំឡើងពន្ធរបស់អាមេរិក ដែលមានគោលដៅលើក្រុមប្រទេស​ទិញថាមពលពីរុស្ស៊ី ព្រមទាំងព្រមានទីក្រុងវ៉ាស៊ីនតោនថា ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និង​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី នឹងហុចផលអាក្រក់ត្រឡប់ទៅរកខ្លួនឯងវិញតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅថ្ងៃទី១៥ ខែកក្កដា បានបដិសេធចំពោះសេចក្តីព្រាងច្បាប់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលមានគោលដៅលើបណ្តាប្រទេសនានាដែលបន្តធ្វើពាណិជ្ជកម្មថាមពលជាមួយរុស្ស៊ី ដោយលោកបានថ្លែងថា ចិនប្រឆាំងដាច់ខាតចំពោះ «ទណ្ឌកម្មឯកតោភាគីខុសច្បាប់» ដែលគ្មានមូលដ្ឋានច្បាប់អន្តរជាតិ ឬគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយពី globaltimes

នៅក្នុងនោះផងដែរ ក្រសួងការបរទេសចិនបានបញ្ជាក់ពីជំហររបស់ខ្លួនជាច្រើនលើកច្រើនសារ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលធម្មតារបស់ចិនជាមួយបណ្តាប្រទេសដទៃទៀត រួមទាំងរុស្ស៊ី គឺជារឿងស្របច្បាប់ ខណៈពេលដែលខ្លួនប្រឆាំងនឹងការប៉ុនប៉ងរបស់អាមេរិកក្នុងការធ្វើឲ្យបញ្ហានេះទៅជានយោបាយ និងការដាក់ទណ្ឌកម្មឯកតោភាគីមកលើចិន។

ការលើកឡើងរបស់លោក Lin ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក បានលាតត្រដាងនូវសេចក្តីព្រាងច្បាប់ស្តីពីទណ្ឌកម្មរុស្ស៊ីដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ ដែលមានបំណងដាក់សម្ពាធលើទីក្រុងមូស្គូ តាមរយៈការដាក់គោលដៅលើអ្នកទិញប្រេង និងហ្គាសធំៗរបស់រុស្ស៊ី។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋបាលរបស់លោក ត្រាំ អាចដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើប្រទេសនាំចូលថាមពលពីរុស្ស៊ីកំពូលទាំងប្រាំ រួមទាំងចិនផងដែរ។

យ៉ាងណា អាមេរិកក៏ធ្លាប់បានព្យាយាមដាក់សម្ពាធលើបណ្តាប្រទេសនានា ដែលរក្សាទំនាក់ទំនងថាមពលជាមួយរុស្ស៊ី។ កាលពីខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកបានជម្រុញឲ្យក្រុមប្រទេស G7 និងណាតូ ដាក់ពន្ធគយពី ៥០% ទៅ ១០០% លើចិន ដោយសារការទិញប្រេងពីរុស្ស៊ី ក្នុងបំណងបង្ខំឲ្យចិន ដើរតួនាទីក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ជាការឆ្លើយតបទៅនឹងវិធានការនោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការប៉ុនប៉ងរបស់អាមេរិកគឺជាទង្វើធម្មតានៃការគំរាមកំហែងឯកតោភាគី និងការបង្ខិតបង្ខំសេដ្ឋកិច្ច។ ជាពិសេស វាអាចរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មសកល និងស្ថិរភាពនៃខ្សែច្រវាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ដោយបានជម្រុញឲ្យអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍ និងធ្វើការរួមគ្នាជាមួយចិន ដើម្បីការពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ហ្សេលេនស្គី ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលគេឲ្យរហស្សនាម «ស្តេចត្រាញ់ដ្រូន»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម