Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថានចាប់ផ្ដើម​រៀបចំ​ជំនួបចរចាជាប្រវត្តិសាស្ត្ររវាងអាមេរិក និងអ៊ីរ៉ង់ ម្ដងទៀត

បានផុស

នៅ

ប្រទេសប៉ាគីស្ថានបានចាប់ផ្ដើម​ការត្រៀមលក្ខណៈយ៉ាងមមាញឹក ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាជុំទី២ រវាងមហាអំណាចអាមេរិក និងអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ។ នេះ​បើតាម​ការ​ផ្សាយ​របស់ Independent នា​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ REUTERS)

គោលដៅធំបំផុតនៃជំនួបនេះ គឺដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមនៅតំបន់អាស៊ីខាងលិច ដែលកំពុងតែធ្វើឲ្យ​រង្គោះរង្គើដល់ការផ្គត់ផ្គង់ថាមពលទូទាំងសកលលោក។ មន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា កិច្ចការការទូតដ៏ក្ដៅគគុកកំពុងតែដំណើរការ ដើម្បីនាំភាគីជម្លោះទាំងពីរត្រឡប់មកតុចរចាវិញ ក្រោយពេលដែលការជួបគ្នាលើកដំបូងកាលពីសប្តាហ៍មុនបានបញ្ចប់ទៅដោយមិនទាន់មានលទ្ធផលផ្លូវការ។

ភាពជោគជ័យក្នុងការនាំ​ឲ្យ​មានការចរចាជុំទី២នេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់មេដឹកនាំប៉ាគីស្ថាននៅពីក្រោយឆាក។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងតួកគី ដើម្បីកៀរគរកម្លាំងគាំទ្រ ចំណែកឯអគ្គមេបញ្ជាការកងទ័ព លោក Asim Munir ក៏បានចំណាយពេលជាង​២៤ម៉ោងនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ដោយផ្ទាល់។ កិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងបាយ និងកម្លាំងទូតនេះ បានធ្វើឲ្យ​ភាគីអាមេរិក និងអ៊ីរ៉ង់ យល់ព្រមបន្តគោរពតាមការផ្អាកបាញ់គ្នាជាបណ្ដោះអាសន្ន ដែលជាសញ្ញាវិជ្ជមានមួយឈានទៅរកសន្តិភាព។

នៅឯទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុង Rawalpindi នាពេលនេះ កងកម្លាំងប៉ូលិស និងកងទ័ពប៉ារ៉ាជាច្រើនពាន់នាក់ កំពុងតែត្រូវបានបញ្ជូនមកពីតាមបណ្ដាខេត្តនានា ដើម្បីពង្រឹងសន្តិសុខឲ្យ​បានកម្រិតខ្ពស់បំផុត។ អាជ្ញាធរប៉ាគីស្ថានកំពុងតែរៀបចំផែនការការពារយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាថា ជំនួបចរចាដ៏មានសារៈសំខាន់បំផុតសម្រាប់ជោគវាសនាពិភពលោកមួយនេះ នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព និងរលូនបំផុត។ មនុស្សគ្រប់គ្នាកំពុងតែសម្លឹងមកកាន់ប៉ាគីស្ថាន ដោយសង្ឃឹមថា ទីក្រុងអ៊ីស្លាម៉ាបាដនឹងក្លាយជាទីកន្លែងដែលសង្រ្គាមដ៏ក្ដៅគគុកត្រូវបានបញ្ចប់ដោយចុង​ប៊ិចលើក្រដាសសន្តិភាព៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម