Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពកំពូលប៉ាគីស្ថានកាន់សារពិសេសពីអាមេរិក ហោះទៅចរចាផ្ទាល់នៅអ៊ីរ៉ង់

បានផុស

នៅ

តាម​ការ​ផ្សាយ​របស់ Al Jazeera ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅសល់ពេលតែមួយសប្តាហ៍ទៀតនឹងត្រូវផុតកំណត់ គណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថានបានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីល្ងាចថ្ងៃពុធ​ទី​១៥​ខែមេសា​ឆ្នាំ​២០២៦ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Asim Munir​ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ដឹកនាំដោយលោក Asim Munir មេបញ្ជាការកងទ័ពប៉ាគីស្ថាន ដំណើរទស្សនកិច្ចដ៏កម្រនេះត្រូវបានគេរាយការណ៍ថា បាននាំយកនូវសារថ្មីមួយពីសហរដ្ឋអាមេរិកក្នុងគោលបំណងរៀបចំការពិភាក្សាជុំទីពីរ បន្ទាប់ពីកិច្ចចរចាលើកដំបូងនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីចុងសប្តាហ៍មុន មិនទាន់អាចឈានទៅរកការបញ្ចប់សង្គ្រាមបាននៅឡើយ។

ស្របពេលដែលមេទ័ពកំពូលកំពុងចរចានៅអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ក៏បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដោយចាប់ផ្តើមពីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីកៀងគរ​ឲ្យ​បណ្តាប្រទេសក្នុងតំបន់ជួយជំរុញអាមេរិក​ឲ្យ​ចូលតុចរចាវិញ។ បេសកកម្មការទូតដ៏មមាញឹកនេះ កើតឡើងចំពេលដែលពិភពលោកកំពុងបារម្ភពីសង្គ្រាមដែលបានសម្លាប់មនុស្សអស់ជាង ៣០០០​នាក់ទៅហើយក្នុងប្រទេសអ៊ីរ៉ង់ ហើយស្ថានភាពកាន់តែតានតឹងខ្លាំងដោយសារការឡោមព័ទ្ធផ្លូវទឹកដាក់គ្នាទៅវិញទៅមក ដែលកំពុងតែអង្រួនសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។

ស្ថានភាពនៅសមរភូមិសមុទ្រហាក់បីដូចជាតានតឹងខ្លាំង ដោយអាមេរិកនៅតែបន្តបិទកំពង់ផែអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏គំរាមបិទផ្លូវពាណិជ្ជកម្មតាមសមុទ្រក្រហមវិញដែរ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានដោយប្រាប់​ឲ្យ​ពិភពលោកត្រៀមខ្លួនសម្រាប់​ថ្ងៃដ៏អស្ចារ្យ ព្រោះលោកយល់ថាសង្គ្រាមនេះជិតនឹងបញ្ចប់ហើយ។ លោកត្រាំ ក៏បានកោតសរសើរមេទ័ពប៉ាគីស្ថានដែលបានដើរតួជាអ្នកសម្របសម្រួលដ៏ឈ្លាសវៃ ហើយសេតវិមានក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះលទ្ធផលនៃកិច្ចព្រមព្រៀងដែលកំពុងស្ថិតក្នុងកណ្តាប់ដៃអ្នកសម្រុះសម្រួលរូបនេះ។

បច្ចុប្បន្ន អ្នកសម្របសម្រួលកំពុងព្យាយាមដោះស្រាយបញ្ហាធំៗចំនួនបីគឺ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការសងការខូចខាតដែលបង្កឡើងដោយសង្គ្រាម។ ដ្បិត​មានការលេចឮដំណឹងថា អាចនឹងមានរបកគំហើញថ្មីជុំវិញបញ្ហានុយក្លេអ៊ែរក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងការចរចាបានព្រមានថា នៅមានអ្នកចង់រារាំងសន្តិភាពទាំងក្នុងទីក្រុងវ៉ាស៊ីនតោន តេហេរ៉ង់ និងជាពិសេសគឺប្រទេសអ៊ីស្រាអែល ដែលត្រូវបានគេជឿថាចង់​ឲ្យ​សង្គ្រាមក្នុងតំបន់នេះបន្តអូសបន្លាយទៅមុខទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម