Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចចរចា​​ទំនង​​ធ្វើនៅ​អ៊ីស្លាម៉ាបាដ​ម្ដងទៀត ក្រោយ​អាមេរិកសរសើរ​ការ​សម្របសម្រួល​របស់​ប៉ាគីស្ថាន

បានផុស

នៅ

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រកាសប្រាប់អ្នកសារព័ត៌មាន​ថា កិច្ចចរចាបទឈប់បាញ់ជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖​ Reuters)

តាមរយៈ​​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៥​ខែមេសា​ លោកស្រី Karoline បានបញ្ជាក់ថា កន្លែងចរចាថ្មីនេះនឹងមិនខុសពីកន្លែងចាស់កាលពីសប្តាហ៍មុនឡើយ ដោយសារតែរដ្ឋាភិបាលអាមេរិកមានទំនុកចិត្តយ៉ាងខ្លាំងទៅលើការរៀបចំរបស់ម្ចាស់ផ្ទះ។

ក្នុងឱកាសនោះដែរ លោកស្រី Leavitt បានពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថាន ដោយចាត់ទុកថាជា «អ្នកសម្របសម្រួលដ៏អស្ចារ្យ» ក្នុងកិច្ចដំណើរការស្វែងរកសន្តិភាព។ លោកស្រីបានសង្កត់ធ្ងន់ថា ទោះ​មានប្រទេសជាច្រើនជុំវិញពិភពលោកចង់ចូលខ្លួនមកជួយក៏ដោយ ក៏​លោកប្រធានាធិបតី ដូណាល់ ត្រាំ យល់ឃើញថា ប៉ាគីស្ថានគឺជាស្ពានចម្លងតែមួយគត់ដែលគួរ​ឲ្យ​ទុកចិត្តបំផុត ដើម្បីធ្វើ​ឲ្យ​ការសន្ទនាគ្នាកាន់តែមានភាពងាយស្រួល និងឆ្ពោះទៅរកការបញ្ចប់ជម្លោះ​ឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។

ដោយឡែក ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែលថា សហរដ្ឋអាមេរិកបានស្នើសុំពន្យារពេលបទឈប់បាញ់ជាផ្លូវការនោះ អ្នកនាំពាក្យរូបនេះបានបដិសេធភ្លាមៗថាជាព័ត៌មានមិនពិត។ លោកស្រីបានពន្យល់ថា ទោះបីជាមិនទាន់មានការស្នើសុំពន្យារពេលជាផ្លូវការក៏ដោយ ប៉ុន្តែការពិភាក្សាគ្នានៅតែបន្តធ្វើឡើងយ៉ាងសកម្ម និងមមាញឹកបំផុត ដើម្បីរក្សាភាពវិជ្ជមាននៃកិច្ចចរចាដែលកំពុងដំណើរការនេះ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងផ្នែកការទូត លោកស្រីក៏បានបញ្ជាក់អំពីស្ថានភាពយោធានៅតំបន់សមុទ្រផងដែរ ដោយលើកឡើងថា ការឡោមព័ទ្ធផ្លូវទឹកនៅច្រកសមុទ្រ Hormuz ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាំងពីថ្ងៃចន្ទមកម្ល៉េះ។ បច្ចុប្បន្ន នាវាទាំងអស់ដែលព្យាយាមចូល ឬចាកចេញពីកំពង់ផែរបស់អ៊ីរ៉ង់ ត្រូវបានរារាំងទាំងស្រុង ខណៈដែលនាវាដែលធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀតនៅតែអាចឆ្លងកាត់បានធម្មតា។ ទោះជាយ៉ាងណា សកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រដ៏សំខាន់មួយនេះ នៅតែជួបប្រទះនឹងការរំខានយ៉ាងខ្លាំង ដែលធ្វើ​ឲ្យ​ពិភពលោកកាន់តែសង្ឃឹមថា កិច្ចចរចានៅប៉ាគីស្ថានខាងមុខនេះ នឹងអាចនាំមកនូវដំណោះស្រាយពិតប្រាកដ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម