Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីប៉ាគីស្ថានខ្នះខ្នែងជួយដឹកដៃអាមេរិក និងអ៊ីរ៉ង់ចូលតុចរចា?

បានផុស

នៅ

នៅខណៈដែលភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុតនៅឆ្នាំ២០២៦នេះ ពិភពលោកកំពុងសម្លឹង​ទៅ​មើលទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដែលបានក្លាយជា «ស្ពានមាស» ដ៏សំខាន់ក្នុងការសម្របសម្រួ​ល​ឲ្យមានកិច្ចចរចារវាងមហាអំណាចសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ សំណួរដ៏សំខាន់គឺ៖ តើហេតុអ្វីបានជាប៉ាគីស្ថានខ្នះខ្នែងខ្លាំងម្ល៉េះក្នុងបេសកកម្មដែលពិភពលោកមើលឃើញថា «សែនពិបាក» មួយនេះ?

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្ម «សន្តិភាពដើម្បីរស់» របស់ប៉ាគីស្ថាន

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Guardian និង Dawn ប៉ាគីស្ថានបានដើរតួនាទីយ៉ាងសកម្មតាំងពីចុងខែមីនាមកម្ល៉េះ ដោយបានបញ្ជូនសំណើ១៥​ចំណុចពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងតេហេរ៉ង់។ កិច្ចខិតខំប្រឹងប្រែងនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដើម្បីបញ្ចៀសវិនាសកម្មសេដ្ឋកិច្ច និងសន្តិសុខដែលប៉ាគីស្ថានអាចនឹងរងគ្រោះមុនគេ បើសង្គ្រាមទ្រង់ទ្រាយធំរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងពិតមែន។

ក្នុងនាមជាប្រទេសជិតខាងដែលមានព្រំដែនជាប់នឹងអ៊ីរ៉ង់ ប៉ាគីស្ថានបារម្ភយ៉ាងខ្លាំងពីការហូរចូលនៃជនភៀសខ្លួន និងអស្ថិរភាពតាមព្រំដែន។ ម្យ៉ាងវិញទៀត វិបត្តិថាមពល និងតម្លៃប្រេងដែលហក់ឡើងខ្ពស់ដោយសារការបិទច្រកសមុទ្រហ័រមូស គឺជាសត្រូវដ៏ធំរបស់សេដ្ឋកិច្ចប៉ាគីស្ថានដែលកំពុងផុយស្រួយស្រាប់។

ចំណុចខ្លាំងដែលធ្វើឲ្យ​ប៉ាគីស្ថានក្លាយជា «អាជ្ញា​កណ្តាល»

បើតាមការវិភាគរបស់សារព័ត៌មាន Iran International និង Financial Times ប៉ាគីស្ថានមានលក្ខណៈពិសេសដែលប្រទេសដទៃគ្មាន គឺ៖

១. ទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអាមេរិក៖ ប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រក្រៅអង្គការណាតូ (Non-NATO Ally) របស់អាមេរិកជាយូរមកហើយ។
២. ទំនាក់ទំនងភូមិសាស្ត្រ និងសាសនាជាមួយអ៊ីរ៉ង់៖ ក្នុងនាមជាអ្នកជិតខាង អ៊ីរ៉ង់ទុកចិត្តលើប៉ាគីស្ថានក្នុងកម្រិតមួយដែលអាចយកធ្វើជាអ្នកនាំសារបាន។

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបញ្ជាក់ថា ការសម្របសម្រួលនេះបានជួយ​ឲ្យ​ភាគីទាំងពីរព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល​២សប្តាហ៍ កាលពីថ្ងៃទី៨​ខែមេសា​កន្លងទៅ ដែលជាសញ្ញាវិជ្ជមានមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ឧបសគ្គនៅចំពោះមុខ

ទោះបីជាប៉ាគីស្ថានព្យាយាមខ្លាំងយ៉ាងណាក៏ដោយ ក៏ផ្លូវឆ្ពោះទៅរកសន្តិភាពពិតប្រាកដនៅតែមានបន្លា។ សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា កាលពីប៉ុន្មានថ្ងៃមុននេះ អ៊ីរ៉ង់ហាក់បង្ហាញសញ្ញារុញរាក្នុងការបន្តកិច្ចចរចាជុំទី២ ដោយចោទប្រកាន់ថា អាមេរិកមិនបានគោរពតាមកិច្ចព្រមព្រៀងដកការបិទផ្លូវសមុទ្រ។

ទោះជាយ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដនៅតែប្រកាន់ជំហរថា ពួកគេនឹងមិនបោះបង់ចោលការខិតខំនេះឡើយ។ សម្រាប់ប៉ាគីស្ថាន សន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ មិនមែនគ្រាន់តែជារឿងការទូតដើម្បីមុខមាត់លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ដង្ហើមសេដ្ឋកិច្ច» និង «សន្តិសុខជាតិ» របស់ខ្លួនផ្ទាល់តែម្តង។

ពិភពលោកកំពុងរង់ចាំមើលថា តើការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថានលើកនេះ អាចនឹងរុញច្រានឲ្យ​មានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងសត្រូវសួពូជទាំងពីរបានដែរឬទេ?

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម