Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់ អះអាងថា​ សន្និធិ​មីស៊ីល​និង​ដ្រូន​​ដែលអ៊ីរ៉ង់មាន​ ​អាច​ប្រើ​​ច្រើន​​ឆ្នាំ​ទៀត​

បានផុស

នៅ

មន្រ្តី​​​ជាន់​ខ្ពស់​អ៊ីរ៉ង់​ម្នាក់ បាន​​លើក​ឡើង​ថា ​​​សន្និ​​ធិ​ (stock) នៃ​​មីស៊ីលនិង​យន្តហោះគ្មានមនុស្ស​បើក​ (ដ្រូន) ​របស់អ៊ីរ៉ង់គឺគ្រប់​គ្រាន់​ ដើម្បី​ទ្រទ្រង់សង្គ្រាមច្រើន​ឆ្នាំ​ទៅមុខ​ទៀត​​ ប្រសិន​បើ​មាន​សង្រ្គាម​ថ្មី​កើត​ឡើង​។ នេះ​បើតាមការ​បញ្ជាក់​​របស់​សមាជិកសភាជាន់​​ខ្ពស់មួយរូបថ្លែង​​ក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារសារព័ត៌មាន​​អ៊ីរ៉ង់​ Tasnim នៅ​ថ្ងៃ​ពុធ​ និង​ចុះ​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​មជ្ឈិម​បូព៌ា MEMO កាល​ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ។

លោក Alaeddin Boroujerdi អនុ​ប្រធានគណៈ​កម្មការសន្តិសុខជាតិនិង​គោលនយោបាយការបរទេសរបស់​សភាអ៊ីរ៉ង់ និយាយថា៖ « ទីក្រុង​តេហេរ៉ង់​មិន​ទាន់​បង្ហាញ​ពី​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ យើង​មិន​ទាន់​បាន​បង្ហាញសន្លឹក​បៀ​ថ្មី​របស់យើង​នៅ​ឡើយ​ទេ»។

លោក Alaeddin Boroujerdi អនុ​ប្រធានគណៈ​កម្មការសន្តិសុខជាតិអ៊ីរ៉ង់។ រូបភាព៖ TNR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Boroujerdi បាន​ច្រានចោល​​នូវ​អ្វីដែល​ពណ៌នា​ថា ជាការ​បិទ​ផ្លូវ​ទឹករបស់​​កង​ទ័ព​ជើងទឹក​អាមេរិក​ ដោយ​ហៅ ​ទង្វើ​នេះ​ថា «គ្មានប្រសិទ្ធភាព» ហើយ ​អះអាងថា នាវា​ប្រហែល ១២០គ្រឿង​ កំពុងរង់ចាំ​នៅ​ជិតច្រក​សមុទ្រ ​Hormuz សម្រាប់​ដឹក​ជញ្ជូន​ឆ្លងកាត់ផ្លូវ​ទឹក​នេះ​។

លោក បន្ថែមថា៖ « នាវាអ៊ីរ៉ង់ជាច្រើនកំពុង​បន្តប្រតិបត្តិការ​ ដោយ​គ្មាន​ការ​អន្តរាគមន៍ពីកងកម្លាំងអាមេរិក​ទេ។ អ៊ីរ៉ង់​នឹង​មិន​ដក​ថយ​ពី​អ្វី​ដែលជា​សិទ្ធិ​អធិបតេយ្យភាព​របស់ខ្លួន​លើ​ច្រកសមុទ្រ Hormuz ទេ។ រឿង​ទាំង​អស់​នេះនឹងត្រូវ​បន្តនៅក្នុង​ការចរចា​»។

ដោយឡែក លោក Hamad Akbarzadeh ជំនួយការ​នយោបាយ​របស់មេបញ្ជាការកងទ័ពជើង​ទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លើក​ឡើង​ថា កងកម្លាំងជើងទឹកនឹង​ប្រើប្រាស់សមត្ថភាព​ថ្មី ក្នុង​ករណី​មានសកម្មភាពយោធាសហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ប្រទេស​ខ្លួន​។

ថ្លែងនៅ​ក្នុងពិធីជួបជុំសាធារណៈ​មួយនៅទីក្រុង Minab ភាគខាងត្បូងកាលពីថ្ងៃអង្គារ លោកព្រមានថា៖ « ប្រសិនបើសហរដ្ឋអាមេរិក​ចាត់​វិធាន​ការ​យោធា នោះកងទ័ពជើងទឹក IRGC នឹង​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​គោល​ដៅ​កម្រិតខ្ពស់និងសមត្ថភាព​ប្រតិបត្តិការថ្មី​។ សមត្ថភាព​បែប​​នេះ​អាច​ត្រូវ​បាន​​ប្រើ​​ប្រឆាំង​នឹង​នាវា​ចម្បាំង​ធំៗ​​នៅ​ក្នុង​តំបន់​»។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមការវាយ​លុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ជំរុញឱ្យទីក្រុងតេហេរ៉ង់​ឆ្លើយតបដោយ​ការវាយប្រហារលើ​ទ្រព្យ​សម្បត្តិ​យោធាអាមេរិក​​នៅទូទាំងតំបន់ឈូង​សមុទ្រ​។

មិន​តែ​ប៉ុណ្ណោះ បទ​ឈប់បាញ់មួយត្រូវបាន​ប្រកាសនៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន បន្ទាប់​មក​ដោយការ​ចរចាដែល​រៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ​នៅថ្ងៃទី១១-១២ ខែមេសា ប៉ុន្តែ​ការចរចានេះ​បាន​បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង​ណា​មួយ​ឡើយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម