Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ណែនាំសមត្ថកិច្ចតាមដានក្តាប់ល្បិចកលឧក្រិដ្ឋជនឱ្យបាន ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តពលរដ្ឋក្នុងខេត្តស្វាយរៀង

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ  ផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ឱ្យបាននូវរាល់ល្បិចកលរបស់ឧក្រិដ្ធជនឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងឱ្យបានកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា ណែនាំដូច្នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងយុគសម័យឌីជីថល នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តស្វាយរៀង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងម៉ត់ចត់លើយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ។

កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត  ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីភូមិសាស្ត្រខេត្តស្វាយរៀង។

គូររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា  អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ឱ្យធ្វើជាប្រធានក្រុមការងារទី១ ចំណុះលេខាធិការដ្ឋាន នៃគ.ប.ឆ.ប. ទទួលខុសត្រូវការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ៕

អត្ថបទដោយ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម